ដោយ នៅ ស៊ីវុត្ថា
មណ្ឌលគិរី៖ សមាគមកាហ្វេកម្ពុជាបានចាប់ដៃគូសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់សិក្សាស្រាវជ្រាវ និងវាយតម្លៃប្រភេទពូជកាហ្វេ ដែលកសិករកំពុងដាំដុះនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីស្វែងរកសក្តានុពល និងអភិវឌ្ឍពូជកាហ្វេក្នុងស្រុកឱ្យកាន់តែមានគុណភាពខ្ពស់ សមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងតម្រូវការទីផ្សារ។
គំនិតផ្តួចផ្តើមនៃការសិក្សាស្រាវជ្រាវនេះ ទទួលបានការណែនាំ និងជំរុញពី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមកាហ្វេកម្ពុជា។
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍពូជកាហ្វេក្នុងស្រុក គឺជាកត្តាសំខាន់ក្នុងការពង្រឹងវិស័យកាហ្វេកម្ពុជា ឱ្យអាចប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ និងបង្កើនទិន្នផលសម្រាប់កសិករ។
កិច្ចសហការរវាងស្ថាប័នទាំងពីរនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃកាហ្វេកម្ពុជា ចាប់ពីការផលិតរហូតដល់ទីផ្សារ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី និងតំបន់សក្តានុពលផ្សេងៗទៀត។
បច្ចុប្បន្ន កសិករភាគច្រើននៅខេត្តមណ្ឌលគិរី កំពុងដាំដុះកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) ដោយសារងាយស្រួលថែទាំ និងផ្តល់ទិន្នផលខ្ពស់។
ដោយឡែកកាហ្វេពូជ អារ៉ាប៊ីកា ត្រូវបានដាំដុះនៅក្នុងបរិមាណតិចជាងសហគមន៍ឡៅកា ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលមានលក្ខខណ្ឌភូមិសាស្ត្រសមស្របសម្រាប់ការលូតលាស់របស់កាហ្វេប្រភេទនេះ។
ទោះជាយ៉ាងណាអ្នកជំនាញបានបញ្ជាក់ថា កាហ្វេអាចដាំដុះបាននៅតំបន់ដែលមានកម្ពស់ទាបជាង១០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រផងដែរ ប៉ុន្តែការលូតលាស់ និងទិន្នផលមិនអាចប្រៀបធៀបជាមួយតំបន់ ដែលមានកម្ពស់ខ្ពស់និងមានលក្ខខណ្ឌបរិស្ថានសមស្របសម្រាប់ដំណាំកាហ្វេឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិសោធដាំដុះកាហ្វេតាំងពីឆ្នាំ១៩៨៧ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយផ្តោតលើពូជ រ៉ូប៊ូស្តាជាចម្បង ខណៈពូជអារ៉ាប៊ីកា មិនទាន់បានពិសោធជាផ្លូវការនៅពេលនោះនៅឡើយទេ។
ការសិក្សាស្រាវជ្រាវ និងការជ្រើសរើសពូជកាហ្វេ ដែលសមស្របទៅនឹងលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុរបស់កម្ពុជានឹងជួយបង្កើនគុណភាពផលិតផល បង្កើនប្រាក់ចំណូលជូនកសិករ និងជំរុញឱ្យកាហ្វេកម្ពុជាកាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕






