ហ្វីលីពីន ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ ដែលអាចអូសបន្លាយដល់ឆ្នាំ២០២៧

image_2026-06-24_10-09-40 copy

ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអែលនីញ៉ូ (El Nino) ដ៏ធ្ងន់ធ្ងរ និងការពារការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថាមពល ក្រោយពេលមានការព្រមានអំពីបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរមួយ អាចបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧ និងគំរាមកំហែងដល់ផលិតកម្មកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេសហ្វីលីពីន។

យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានចេញផ្សាយថា លោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី២២ ខែមុថុនា ឆ្នាំ២០២៦ បានថ្លែងថា ទីភ្នាក់ងាររដ្ឋាភិបាលកំពុងបង្កើនការត្រៀមលក្ខណៈ ខណៈការព្យាករណ៍បានចង្អុលបង្ហាញពីស្ថានភាពគ្រោះរាំងស្ងួតហួតហែង ដែលអាចបង្កផលប៉ះពាល់ដល់វិស័យសំខាន់ៗរបស់ប្រទេស។

លោកប្រធានាធិបតី បានថ្លែងក្នុងពិធីសម្ពោធគម្រោងធារាសាស្ត្រអាងស្តុកទឹកមួយ ស្ថិតនៅក្នុងភាគកណ្តាលប្រទេសហ្វីលីពីន ដោយលើកឡើងថា “យោងតាមទិន្នន័យរបស់យើង មានលទ្ធភាពខ្ពស់ណាស់ ដែលប្រទេសនេះនឹងជួបប្រទះនូវបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ និងអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៧”។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលហ្វីលីពីនកំពុងពន្លឿនការវិនិយោគលើគម្រោងប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹក ដើម្បីជួយកសិករទប់ទល់នឹងគ្រោះរាំងស្ងួត និងពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ ដែលទាក់ទងនឹងអាកាសធាតុ។

ក្នុងចំណោមវិធានការកំពុងអនុវត្ត គឺការលើកកម្ពស់ដំណាំ ដែលធន់នឹងគ្រោះរាំងស្ងួត និងប្រើប្រាស់ទឹកតិច ដូចជាឪឡឹក ខ្ញី ដំឡូងជ្វា សណ្តែកដី និងត្រប់ នៅក្នុងសហគមន៍កសិកម្ម ដែលងាយរងគ្រោះ។ រដ្ឋាភិបាលហ្វីលីពីន ក៏កំពុងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធកែច្នៃទឹកនៅក្នុងតំបន់ ដែលងាយជួបប្រទះគ្រោះរាំងស្ងួត។

លោកប្រធានាធិបតី បានគូសបញ្ជាក់ពីគម្រោងធារាសាស្ត្រអាងស្តុកទឹកខ្នាតតូចមួយ ដែលទើបបញ្ចប់ការសាងសង់ថ្មី ក្នុងគម្រោងទឹកប្រាក់ជាង១៣លានដុល្លារ របស់រដ្ឋបាលធារាសាស្ត្រហ្វីលីពីន ដើម្បីទ្រទ្រង់ផលិតភាពកសិកម្ម ទោះបីជាលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ក៏ដោយ។

អាងស្តុកទឹកខ្នាតតូចនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំដល់ផ្ទៃដីកសិកម្មចំនួន៥៣០ហិកតា ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករហ្វីលីពីនចំនួន៧១៧នាក់។

គម្រោងនេះរួមមានទំនប់កម្ពស់ជាង៣២ម៉ែត្រ ទំនប់បង្ហៀរ និងប្រឡាយមេប្រវែងជាង១១គីឡូម៉ែត្រ ដែលអាចចែកចាយទឹកពីព្រែក ទៅកាន់តំបន់កសិកម្ម។

មន្ត្រីជំនាញបាននិយាយថា ប្រព័ន្ធធារាសាស្ត្រនេះនឹងជួយឱ្យកសិករអាចបង្កដាំដុះបានពីពីរទៅបីដងក្នុងមួយឆ្នាំ ដើម្បីបង្កើនទិន្នផលកសិកម្ម និងបន្ថែមប្រាក់ចំណូល។

ការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលហ្វីលីពីន ត្រូវធ្វើឡើងបន្ទាប់ពីរដ្ឋបាលបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានបញ្ជាក់កាលពីដើមខែមិថុនានេះថា ស្ថានភាពបាតុភូតអែលនីញ៉ូ បានវិវត្តនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រូពិច។ ចំណែកសីតុណ្ហភាពផ្ទៃសមុទ្រនៅក្នុងតំបន់សំខាន់ៗនៃមហាសមុទ្រប៉ាស៉ីហ្វិក បានកើនឡើងប្រហែល០.៥អង្សា លើសកម្តៅពីធម្មតា ដែលជាកម្រិតកំណត់នៃការចាប់ផ្តើមកើតបាតុភូតអែលនីញ៉ូ។

ថ្មីៗនេះ ការិយាល័យអាកាសធាតុរបស់ហ្វីលីពីន បានព្យាករណ៍ពីលទ្ធភាពកើតបាតុភូតនេះរហូត៩២ភាគរយ ដោយអះអាងថា ជាព្រឹត្តិការណ៍អេលនីណូ ដែលមានកម្រិតមធ្យមទៅខ្លាំងនឹងវិវឌ្ឍន៍នៅត្រីមាសទី៤ ឆ្នាំ២០២៦ និងបន្តទៅដើមឆ្នាំ២០២៧។

បាតុភូតអែលនីញ៉ូ មានជាប់ទាក់ទងនឹងភ្លៀងធ្លាក់មិនធម្មតា ការអូសបន្លាយនៃរដូវប្រាំង និងលក្ខខណ្ឌរាំងស្ងួតនៅក្នុងប្រទេសហ្វីលីពីន ទោះបីជារដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បាននិយាយថា ភ្លៀងធ្លាក់ខុសពីធម្មតាអាចកើតមាននៅភាគខាងលិចប្រទេស ក្នុងរដូវមូសុងនិរតី រហូតដល់ខែតុលា ឆ្នាំ២០២៦។

ចំណែកក្រសួងកសិកម្មហ្វីលីពីនវិញ បានព្រមានថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងមួយនេះ អាចកាត់បន្ថយផលិតកម្មស្រូវរហូតដល់៧០០ ០០០តោន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់កសិករហ្វីលីពីន។

មន្ត្រីជំនាញរបស់ហ្វីលីពីន កំពុងតែពិនិត្យឡើងវិញនូវបទពិសោធបាតុភូតអែលនីញ៉ូ ឆ្នាំ២០២៣-២០២៤ ដែលបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្ម ក្នុងទឹកប្រាក់ជាង៩៥៤លានដុល្លារ ជាចំនួនខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។

នៅក្នុងឆ្នាំនោះ ដំណាំពោតទទួលរងការខូចខាតខ្លាំងបំផុត បន្ទាប់មកដំណាំមានតម្លៃខ្ពស់ គឺដំណាំស្រូវ ដំឡូងមី ដូង និងជលផល។

ទិន្នន័យពីអាជ្ញាធរស្ថិតិហ្វីលីពីន បានបង្ហាញថា ទិន្នផលកសិកម្មបានធ្លាក់ចុះ២,២ភាគរយ ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៧,៨៨ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងអាកាសធាតុប្រែប្រួលខ្លាំង។

ដើម្បីកាត់បន្ថយការខាតបង់ស្រដៀងគ្នានេះ លោកប្រធានាធិបតីហ្វីលីពីនបានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមើលផែនការសកម្មភាពរបស់រដ្ឋាភិបាលក្នុងការទប់ទល់បាតុភូតអែលនីញ៉ូ ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក ថាមពល សុខភាពសាធារណៈ និងការត្រៀមបង្ការគ្រោះមហន្តរាយ។

ក្រសួងកសិកម្ម អាជ្ញាធរស្បៀងអាហារជាតិ អាជ្ញាធរដូងហ្វីលីពីន ការិយាល័យជលផល និងធនធានជលផល ត្រូវបានណែនាំឱ្យធ្វើសកម្មភាពឡើងវិញនូវក្រុមការងារអែលនីញ៉ូជាតិរបស់ក្រសួងកសិកម្ម ដើម្បីកំណត់តំបន់ងាយជួបគ្រោះរាំងស្ងួត ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងលើកកម្ពស់ការអនុវត្តកសិកម្មសន្សំសំចៃទឹក។

ចំណែកភ្នាក់ងារគ្រប់គ្រងទឹក ត្រូវមានភារកិច្ចស្តារអាងស្តុកទឹក អនុវត្តវិធានការអភិរក្ស និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទឹកក្នុងស្រុក៕


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ