ដោយ រស្មី
ភ្នំពេញ៖ យោងតាមមន្រ្តីជំនាញបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីស្តារចំនួនត្រីឡើងវិញ និងក៏ដូចជាសម្រាប់ទុកជាជម្រកសុវត្តិភាពដល់សត្វត្រីនោះ ក្រុមការងារជំនាញបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតបានកើនដល់ចំនួន១ ៤៧០ឈុត សម្រាប់ត្រីពងកូន។
សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាសំណង់ត្រូវបានបង្កើតឡើង និងទម្លាក់ចូលទៅក្នុងបាតសមុទ្រ ឬទន្លេ ដើម្បីដើរតួជាជម្រកបែបធម្មជាតិ។
នៅប្រទេសកម្ពុជាសំណង់ជាង១ ៤៧០ឈុត ហើយត្រូវបានទម្លាក់ក្នុងដែនសមុទ្រនៃខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់បទល្មើសអូសអួន។
កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ សំណង់ប្រភេទនេះមានត្រឹមតែចំនួន១ ២៥០ឈុតប៉ុណ្ណោះ ដែលកំណើននេះ ត្រូវបានគេរំពឹងថា នឹងជួយស្តារចំនួនត្រីសមុទ្រថែមទៀត។ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាពបានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ដើម្បីស្តារចំនួនត្រីសមុទ្រនោះគេបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ដើម្បីគាំទ្រដល់ការស្ដាឡើងវិញ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
សំណង់ជម្រកត្រីសិប្បនិម្មិតទាំងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការនេសាទដោយប្រើឧបករណ៍អូសបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរវាងគម្រោង និងអង្គការអភរិក្សសមុទ្រកម្ពុជាំ (Marine Conservation Cambodia) ដោយមានការចូលរួមពីសហគមន៍នេសាទ សម្រាប់ការដំឡើង និងទម្លាក់ជម្រកត្រីនៅតាមទីតាំង ដែលបានគ្រោងទុក។
គួរបញ្ជាក់ថា សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាជម្រកសត្វសមុទ្រកាន់តែរឹងមាំដល់ការរស់រានរបស់សត្វត្រី។ ជាមួយគ្នានេះវាជាមូលដ្ឋានគ្រឹះសម្រាប់វិស័យជលផលសមុទ្រប្រកបដោយចីរភាព និងជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ៕














