ដោយ ហៃ ស៊ីណា
វៀងចន្ទន៍៖ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ហើយនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។
ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏គេឃើញមានមានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន៣០ក្រុមហ៊ុន។ នេះជាលើកទី១ ហើយកម្ពុជាសម្រេចបានក្នុងការនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការដឹកជញ្ជូនពីកម្ពុជាឆ្លងកាត់ទៅកាន់ប្រទេសឡាវ។ ក្នុងថ្ងៃនេះដែរមានការនាំចេញផ្លែទុរេនចំនួនបួនកុងទីន័រតាមរយៈច្រកចេញថ្មីរបស់កម្ពុជាតាមរយៈប្រទេសឡាវ។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា ការដឹកជញ្ជូននេះមានការចំណេញពេលវេលាតិច ដែលធម្មតាចំណាយពេលពី១៥ទៅ២០ថ្ងៃឯណោះ។ សម្រាប់ច្រកថ្មីនេះប្រើពេលត្រឹមតែមួយសប្តាហ៍នឹងដល់ទីផ្សារប្រទេសចិនហើយ។
ដោយឡែកក្រសួងកសិកម្ម បានលើកឡើងផងថា នេះវាជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម បានចាត់ទុកថា នេះជាសមិទ្ធផលដ៏ធំធេង គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្ម និងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួនប្រាំមួយមុខទៅកាន់ទីផ្សារចិន ដែលរួមមានផ្លែចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងផ្លែទុរេន៕












