ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បានពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។
យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។
ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។
ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។
កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។
កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព និងធន់ជាមួយការប្រែប្រួលអាកាសធាតុ៕










