ម៉ានីល៖ ការិយាល័យឧស្សាហកម្មដំណាំរបស់ប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកវត្តមានផ្លែឈើរបស់ខ្លួន នៅក្នុងពាណិជ្ជកម្មកសិកម្មសកល ដោយបើកទីផ្សារនាំចេញបន្ថែម នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។
ប្រធានការិយាល័យឧស្សាហកម្មដំណាំ ហ្វីលីពីន លោក ជេរ៉ាល់ គ្លេន ប៉ានហ្គានីបាន (Gerald Glenn Panganiban) បាននិយាយថា ទីភ្នាក់ងារកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ូសបេគីស្ថាន ដើម្បីផ្គត់ផ្គង់ផ្លែឈើតមបន់ត្រូពិច ដែលមិនមាននៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ដូចជាផ្លែចេក និងផ្លែស្វាយ។
លោកបានមានប្រសាសន៍ថា យើងកំពុងញាប់ដៃញាប់ជើង។ យើងកំពុងបញ្ចប់កិច្ចព្រមព្រៀងពិធីសារ ហើយទីបំផុតយើងអាចនាំចេញ។ វាប្រៀបដូចជាកិច្ចព្រមព្រៀងដ៏ល្អមួយ ដែលអ្វីៗគ្រប់យ៉ាងអាចដំណើរការ។ នៅខ្វះតែឯកសារបន្តិចបន្តួចប៉ុណ្ណោះ។
លោកបាននិយាយថា ប្រទេសអ៊ូសបេគីស្ថានកំពុងស្វែងរកលទ្ធភាពនៃការនាំចេញផ្លែឈើរីរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនវិញផងដែរ ទោះបីជាមានការពន្យារពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសារតែមានបញ្ហាដឹកជញ្ជូនក៏ដោយ។
ឥឡូវនេះ វាហាក់ដូចជានៅសល់បញ្ហាតែមួយគត់ គឺការដឹកជញ្ជូននាំចេញ។ អ្វីៗបានដំណើរល្អ ដូច្នេះប្រហែលជាមានការពន្យារពេលបន្តិចបន្តិច។ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ប្រទេសហ្វីលីពីនវិញទេ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារនៃការិយាល័យឧស្សាហកម្មដំណាំ របស់ប្រទេសហ្វីលីពីន កំពុងធ្វើការងារលើការពង្រីកការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រៅពីការពង្រីកទីផ្សាររបស់យើងទៅកាន់ប្រទេសផ្សេងទៀត អ្វីដែលយើងកំពុងធ្វើ គឺដើម្បីបង្កើតតម្លៃបន្ថែម ចំពោះការនាំចេញកសិផលរបស់យើង។ ឧទាហរណ៍ ការជំរុញនាពេលបច្ចុប្បន្ននេះ គឺការផ្គត់ផ្គង់ទុរេនក្លាសេ ព្រោះវាកាន់តែងាយស្រួលក្នុងការរកទីផ្សារ។
នៅពេលផលិតផលនាំចេញ គឺជាផលិតផលមានតម្លៃបន្ថែម ដូចជាផលិតផលក្លាសេ បទប្បញ្ញត្តិ ស្តីពីការត្រួតពិនិត្យសត្វល្អិត និងជំងឺ គឺមិនសូវតឹងរ៉ឹងពេកទេ។ ប្រសិនបើវាជាផលិតផលក្លាសេ គឺគ្រាន់តែត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារតែប៉ុណ្ណោះ។
លោកក៏បាននិយាយផងដែរថា មានការជំរុញដ៏ខ្លាំង ដើម្បីទទួលបានលទ្ធភាពនាំចូលទៅកាន់ទីផ្សារថ្មីៗសម្រាប់ផ្លែទុរេន។ យើងមានផលប្រយោជន៍ពីប្រទេសដទៃទៀត។ ឧទាហរណ៍ យើងបាននាំចេញផ្លែទុរេនទៅកាន់ប្រទេសកូរ៉េ។ ឥឡូវនេះ យើងកំពុងជំរុញនាំចេញផ្លែចេកទៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់៕










