ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមទុរេនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំនេះ កម្ពុជាត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។
លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសចិន បានបញ្ជាទិញផ្លែទុរេនជាច្រើនទូកុងតឺន័រពីប្រទេសកម្ពុជា ប៉ុន្តែ កម្ពុជាមិនមានផ្លែទុរេនសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យនោះទេ មានត្រឹមតែ១ ០០០ទូកុងតឺន័រ។ លោកថាផ្លែទុរេននៅកម្ពុជា គឺចែកចាយមិនបានគ្រប់មួយខេត្តរបស់ប្រទេសចិនោះទេ។
លោកសង្កត់ធ្ងន់ទៀតថា ចំពោះការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិននេះ បានលុះត្រាតែប្រជាកសិករអនុវត្តអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP)បានត្រឹមត្រូវតែប៉ុណ្ណោះ។
លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជារូបនេះ យល់ថា ការនាំផ្លែទុរេនកម្ពុជាចេញទៅកាន់ទីផ្សារនៃប្រទេសចិននេះ ក្នុងតម្លៃមួយសមរម្យ ដែលធ្វើឱ្យប្រជាកសិករសាទរយ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្នុងនាមសមាគមលោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសាទរចំពោះប្រជាកសិករដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានផលិតផលជាតិអាចនាំចេញទៅកាន់ប្រទេសចិនបាន។
ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។
សូមរំលឹកថា កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យ សម្រាប់ការនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា។
នៅថ្ងៃទី២៨ ខែមេសា រដ្ឋបាលគយចិនបានសម្រេចអនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ ដោយតម្រូវឱ្យអនុវត្តតាមបទដ្ឋានស្តង់ដារគុណភាពយ៉ាងម៉ឺងម៉ាត់។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនប្រមាណ១១ ០០០ហិកតា។ ក្នុងនោះផ្ទៃដីប្រមូលផលមានជាង៧ ០០០ហិកតា ដែលអាចផ្តល់ទិន្នផល ជាង១២០ ០០០តោនក្នុងមួយឆ្នាំ៕








