ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះ បើបងប្អូនយល់ថា ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកមានតម្រូវការទីផ្សារខ្ពស់ផងដែរ។
ជុំវិញការវិនិយោគកាហ្វេនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច លើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ត្រូវចាប់ឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ ជាពិសេស ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារក្នុងស្រុក។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា កាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន ប៉ុន្តែចំណុចសំខាន់ត្រូវចេះគ្រប់គ្រង ចេះកត់ត្រាលើចំណាយថ្លៃផលិត ក្នុង១ឯកត្តា ទើបធ្វើបានចំណេញ ព្រោះក្នុងចំណោមវិស័យធំៗទាំង៤ដែលជាជន្ទល់ទ្រទ្រង់សេដ្ឋកិច្ច មានវិស័យកសិកម្មុមួយដែរ សម្រាប់ការទម្រង់សេដ្ឋកិច្ចជាតិ។
បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាកសិករមកពីបណ្តាស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគិរី នារសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូនិងសហការី បានអញ្ជើញចុះពិនិត្យមើល សក្តានុពលចំការកាហ្វេមួយកន្លែងដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍវិស័យកាហ្វេកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលជំរុញការប្រើប្រាស់ផលិតផលខ្មែរនឹងកាត់បន្ថយការនាំចូលផងដែរ៕










