ខេត្តកណ្ដាល ៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករប្រមាណ៥០០នាក់ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។
នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក មាន ដាវីន អភិបាលនៃគណៈអភិបាលរង ក្រុងសំពៅពូន មន្ត្រីរដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង មន្ត្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ និងមន្ត្រីកសិកម្មក្រុង រួមទាំងប្រជាកសិករមកពីសហគមន៍សរុបជាង៥០០នាក់។
ដូចទៅនឹងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងស្រុកកោះធំ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុតគឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ និងវិស័យកសិកម្មកម្ពុជាជូនបងប្អូនប្រជាកសិករនៅក្នុងក្រុងសំពៅពូន ឱ្យបានជ្រាបជាព័ត៌មាន។
ឯកឧត្តមបណ្ឌិត បានជម្រាបជូនប្រជាកសិករថា វិស័យកសិកម្ម គឺជាវិស័យចម្បងមួយ និងត្រូវបានធ្វើតជំនាន់ចាប់ពីការកកើតប្រទេសកម្ពុជាទាំងមុនសម័យអង្គរ ក្នុងសម័យអង្គរ និងក្រោយសម័យអង្គររហូតមកទល់នឹងបច្ចុប្បន្ននេះ។ វិស័យនេះ បានផ្សារភ្ជាប់ជាសាច់ឈាមជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានៅទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ទាំងអស់នេះ គឺជាកត្តាកំណត់ ព្រោះវិស័យកសិកម្មបានជួយលើកកម្ពស់ជីវភាពកសិករខ្មែរ និងសេដ្ឋកិច្ចខ្មែរ។ ជាក់ស្តែងនៅក្នុងសម័យអង្គរនៅពេលនោះ មិនមានរោងចក្រ សហគ្រាសនោះទេ គឺពឹងផ្អែកទាំងស្រុងលើសេដ្ឋកិច្ចកសិកម្ម និងបានរួមចំណែកពង្រីកទឹកដីថែមទៀតផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច សង្កត់ទៀតថា ក្នុងសម័យកាលការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកទល់ពេលនេះ វិស័យកសិកម្មនៅតែជាមុខរបរមានសារៈសំខាន់បំផុតសម្រាប់ប្រជាកសិករខ្មែរ ខណៈវិស័យឧស្សាហកម្មផ្សេងទៀត ដូចជាខារ៉ាអូខេ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ត្រូវបានបិទជាបន្តបន្ទាប់ និងមិនទាន់ងើបរួចនៅឡើយទេ ព្រោះគ្មានភ្ញៀវទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាកសិករខ្មែរមិនអាចគេចទៅណារួចពីមុខរបរកសិកម្មបានទេ ព្រោះបើប្រទេសមួយអត់ធ្វើកសិកម្មសោះ តើពលរដ្ឋរបស់យើងបានអ្វីហូប មានតែទិញគេ បើទិញគេ យើងអត់លុយ បានអ្វីយកមកទិញគេ?។ ជារួមគ្មាននរណាម្នាក់គេចចេញពីវិស័យនេះបានទេ។ ជាក់ស្តែង ទោះជាសំពៅពូន ក្លាយទៅជាក្រុងក៏ដោយ ក៏មិនអាចគេចចេញពីវិស័យកសិកម្មនេះបានដែរ។
លើសពីនេះទៀត ឯកឧត្តមបណ្ឌិតបានជំរុញ និងលើកទឹកចិត្តដល់កសិករនៅក្នុងក្រុងសំពៅពូនទាំងអស់ ត្រូវតែធ្វើកសិកម្មឱ្យបានពិតប្រាកដ ដោយកុំធ្វើលេងៗ និងលំៗឱ្យសោះ ទើបទទួលបានផលខ្ពស់ចូលរួមចំណែកលើកកម្ពស់ជីវភាពបាន។ ជាងនេះទៀត ត្រូវតែពិនិត្យទៅលើការចំណាយថ្លៃដើមឱ្យបានខ្ពស់ដោយចាប់ផ្តើមផលិតជីកំប៉ុស្ត និងជីសរីរាង្គ ដែលមាននៅជុំវិញផ្ទះ។ ជាពិសេស គឺរួមចំណែកលើកម្ពស់សុវត្ថិភាពចំណីអាហារទាំងការប្រើប្រាស់ខ្លួនឯង និងអ្នកទិញ។
ពាក់ព័ន្ធនឹងការធ្វើជីកំប៉ុស្តនេះ ឯកឧត្តមបណ្ឌិត បានផ្តល់ការណែនាំឱ្យប្រជាកសិករអាចស្វែងរកនៅលើបណ្តាញសង្គមយូធូបពីនីតិវិធីនៃការផលិតផងដែរ។ ឯកឧត្តមបន្ថែមទៀតថា ការធ្វើបែបនេះ ដើម្បីរួមចំណែកលើកម្ពស់សេដ្ឋកិច្ចសង្គម និងកាត់បន្ថយការប្រើប្រាស់ជីគីមីនៅក្នុងប្រទេស និងការនាំចូល ជាពិសេស គឺពង្រឹងឯករាជ្យជាតិ ដើម្បីកុំឱ្យប្រទេសជិតខាងមើលងាយ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងជាស្ពាន និងបម្រើបងប្អូនប្រជាកសិករក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុពង្រីកកសិកម្ម បច្ចេកទេស ទីផ្សារ និងធ្វើជាខែល ឬឆ័ត្រ សម្រាប់ការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ៕








