ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាដើមសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១៣ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ដែលជាកម្លាំងចលករជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមានការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រ តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។
ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណា ដែលមានវត្ថុធាតុដើម ហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះបីយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។
ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១៣ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទគោលស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព”៕









