ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។
យោងតាមសារាចរណែនាំ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។
ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។ នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។
ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។
ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។ ការប្រែប្រែសម្រាមនេះ ត្រូវបានអនុវត្តបន្តដោយដាក់ពន្ធ២០ភាគរយ លើការនាំចេញអង្ករសម្រិត ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តចម្បង ដើម្បីទប់ស្កាត់អតិផរណាតម្លៃម្ហូបអាហារ និងអាចឆ្លើយតបតាមតម្រូវក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
កាតព្វកិច្ចជាប់ពន្ធនាំចេញថ្មី ត្រូវបានគេរំពឹងថា នឹងជួយរដ្ឋាភិបាលឥណ្ឌាក្នុងការគ្រប់គ្រងបរិមាណអង្ករឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ខណៈដំណើរផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក កំពុងតែជួបបញ្ហាច្របូកច្របល់។
យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣រហូតមក អង្ករពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ ទៅ៤១៥ដុល្លារ ក្នុងមួយតោន គឺធ្លាក់ចុះពី៤១៣ដុល្លារ និង៤២០ដុល្លារ។
អ្នកនាំចេញអង្ករនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌាបាននិយាយថា ប្រទេសវៀតណាមបានលក់អង្ករយ៉ាងគំហ៊ុកនៅលើទីផ្សារពិភពលោក បានបន្តផលប៉ះពាល់លើតម្លៃរបស់ប្រទេសដទៃទៀត។
រដ្ឋាភិបាលឥណ្ឌ បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ថា ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញចុងអង្ករ ដើម្បីកាត់បន្ថយការជោរជាន់នៅលើទីផ្សារក្នុងស្រុក និងអាចឱ្យប្រទេសអាហ្វ្រិកក្រីក្រទទូលបានគ្រាប់ធញ្ញជាតិក្នុងតម្លៃទាប ក៏ដូចជាគាំទ្រដល់ក្រុមហ៊ុនផលិតចំណីសត្វនៅអាស៊ី និងក្រុមហ៊ុនផលិតអេតាណុលផងដែរ៕




















