ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of China- Phnom Penh) ជាធនាគារអន្តរការី របស់ធនាគារ ARDB ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលនៃធនាគារ ARDB៕










