ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការបក្សខេត្ត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសន្ទរកថា ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ១៥០នាក់។
នៅក្នុងឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានចាត់ទុកថា សហគ្រិនដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគនៅក្នុងស្រុក និងក្នុងតំបន់ ដែលរួមចំណែកបង្កើតការងារ បង្កេីនប្រាក់ចំណូល មុខរបរ និងបង្កើតភាពធន់ ជាពិសេស ក្នុងខេត្តស្វាយរៀងជាខេត្តមួយធ្លាប់ជាតំបន់សមរភូមិ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់វិនិយោគ និងឧស្សាហកម្ម។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តាមរយៈសិក្ខាសិលាថ្ងៃនេះ នឹងផ្តល់ជាធាតុចូលមួយដ៏សំខាន់បន្ថែមច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍអាជីវកម្មរបស់បងប្អូនជាសហគ្រិនវ័យក្មេងឲ្យកាន់តែរីកចម្រើនផងដែរ។
បន្ទាប់ពីធ្វើបទបង្ហាញពីកាលានុវត្តភាព ការវិនិយោគនៅកម្ពុជា និងបង្ហាញអំពីនិន្នាការនៃលំហូរទុនវិនិយោគពីបរទេស ក៏ដូចជាភូមិសាស្រ្ត ការវិនិយោគនៅខេត្តស្វាយរៀង ដោយលោក ហៀន សូប៉ូលីន រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សា ស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗ ដូចជា ខាងផ្នែកកសិកម្ម និងហិរញ្ញប្បទាន សម្រាប់ផ្តល់ឱកាសដល់សហគ្រិនវ័យក្មេង ពិនិត្យ និងសម្រេចចិត្តលេីការវិនិយោគសម្រាប់ពេលអនាគត សំដៅចូលរួមចំណែកយ៉ាងធំ ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។
ជាចុងក្រោយឯកឧត្ដមបណ្ឌិតបានចែករំលែកដល់សហគ្រិនវ័យក្មេងនៅខេត្តស្វាយរៀងថា ការវិនិយោគសម្រាប់អនាគត គឺ ការវិនិយោគ ដែលទទួលបានផលចំណេញពីរយ៉ាង គឺទី១ ផលចំណេញផ្នែកហិរញ្ញវត្ថុ និង២ ផលចំណេញផ្នែកសង្គម (Social Benefit)។ ជាឧទាហរណ៍ ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលេីសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិក នឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយទៀត។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើនូវសារសម្រាប់ការចងចាំមួយឃ្លាថា “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំងកំពុងតែចូលរួមកសាងជាតិយើង”៕


















