ឥណ្ឌានាំចេញស្បៀងអាហារ និងកសិផលរកចំណូលបានជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

image_2026-04-30_07-40-15

ញ៉ូវដេលី៖ លោក ពិយុស គោយ៉ាល់ (Piyush Goyal) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា បានមាន នាពេលថ្មីកន្លងមកនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដែលមកពីវិស័យម្ហូបអាហារ កសិកម្ម និងបដិសណ្ឋារកិច្ច ឱ្យធ្វើការរួមគ្នា ដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសនាំចេញកសិអាហារ និងអាហារកែច្នៃដ៏ធំបំផុតរបស់ពិភពលោក ដោយលើកឡើងពីកាលានុវត្តភាពដ៏ធំធេង ដែលបង្កើតឡើងដោយការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ឥណ្ឌា និងតម្រូវការផលិតផលឥណ្ឌាកំពុងកើនឡើងជាសកល។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការនាំចេញស្បៀងអាហារ និងផលិតផលកសិកម្មរបស់ឥណ្ឌា រួមទាំងកសិផល និងជលផល បានកើនឡើងដល់ជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មធំជាងគេទី៧ នៅលើពិភពលោក។

លោកបានកត់សម្គាល់ថា ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ការនាំចេញកសិផលនិងស្បៀងអាហាររបស់ឥណ្ឌាមានកំណើនគួរឱ្យកត់សម្គាល់។ ការនាំចេញអាហារកែច្នៃបានកើនឡើងបួនដង ការនាំចេញផ្លែឈើ និងគ្រាប់សណ្ដែកបានកើនឡើងបីដង ការនាំចេញបន្លែកែច្នៃបានកើនឡើងបួនដង ការនាំចេញកាកាវបានកើនឡើងបីដង និងការនាំចេញធញ្ញជាតិបានកើនឡើង២ដង។ ចំណែកការនាំចេញអង្ករបានកើនឡើង៦២ភាគរយក្នុងរយៈពេលដូចគ្នានេះ។

លោក ពិយុស គោយ៉ាល់ បានមានប្រសាសន៍ថា សមិទ្ធិផលទាំងនេះគួរតែជំរុញឱ្យឥណ្ឌាប្រាថ្នាចង់បានតំណែងកំពូលនៅទូទាំងពិភពលោក ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ។ គោលដៅ គឺអាចសម្រេចបាន ហើយស្របតាមចក្ខុវិស័យរបស់ឥណ្ឌា ចង់ប្រែក្លាយជាជង្រុកម្ហូបអាហាររបស់ពិភពលោក។

លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងប្រាំបួន ដែលប្រទេសឥណ្ឌាបានចុះហត្ថលេខាក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ បានបើកច្រកទីផ្សារសម្រាប់ប្រទេសអភិវឌ្ឍ និងជឿនលឿនចំនួន៣៨ប្រទេស ដែលផ្តល់ឱកាសទីផ្សារដ៏ធំសម្រាប់អ្នកនាំចេញរបស់ឥណ្ឌា។

លោកបានបន្ថែមថា ប្រទេសឥណ្ឌាសព្វថ្ងៃមានលទ្ធភាពទទួលបានទីផ្សារអនុគ្រោះ ដែលគ្របដណ្តប់ជិតពីរភាគបីនៃពាណិជ្ជកម្មសកល ដោយពង្រឹងជំហររបស់ឥណ្ឌា ជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ និងអាចឱ្យធុរកិច្ចឥណ្ឌាធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសកល។

លោក ពិយុស គោយ៉ាល់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា បានសង្កត់ធ្ងន់ថា ខណៈពេលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រដ្ឋាភិបាលបានការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធក្នុងស្រុកយ៉ាងប្រុងប្រយ័ត្ន ជាពិសេសកសិករ អ្នកនេសាទ និងសហគ្រាសធុនតូច និងមធ្យម។

លោកបានពន្យល់ថា ប្រទេសឥណ្ឌាបានការពារវិស័យសំខាន់ៗ ដូចជាទឹកដោះគោ គឺមិនធ្វើសម្បទានណាមួយឱ្យអ្នកផលិតបរទេសឡើយ។ ទំនិញកសិកម្មសំខាន់ៗដូចជា អង្ករ ស្រូវសាលី ពោត សណ្តែក និងគ្រាប់សណ្ដែកជាច្រើនប្រភេទ ត្រូវបានការពារនៅក្នុងការចរចាពាណិជ្ជកម្ម។ នៅក្នុងវិស័យស្ករស ជាទូទៅ សម្បទានមិនត្រូវបានពង្រីក ដើម្បីការពារការនាំចូល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កសិករដាំអំពៅ និងអ្នកផលិតអំពៅក្នុងស្រុករបស់ឥណ្ឌា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិធានការទាំងនេះធានាថា ភាពខ្លាំងក្នុងស្រុករបស់ឥណ្ឌាត្រូវបានការពារ ខណៈពេលឱកាសសកលថ្មីៗត្រូវបានបង្កើតឡើងសម្រាប់ផលិតផលឥណ្ឌា។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធ ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្ម និងសហគមន៍ធុរកិច្ច សូមជួយផ្សព្វផ្សាយការយល់ដឹងនៅកម្រិតមូលដ្ឋាន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ឥណ្ឌា ដើម្បីការពារផលប្រយោជន៍ជាតិ ខណៈពេលពង្រីកឱកាសពាណិជ្ជកម្មអន្តរជាតិ។

លោកក៏បានលើកទឹកចិត្តកសិករ និងសហគ្រិន ឱ្យទាញយកអត្ថប្រយោជន៍ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធកសិកម្មនូវទឹកប្រាក់ចំនួន១០,៨៧ពាន់លានដុល្លារ និងផ្តោតលើការកែច្នៃម្ហូបអាហារ និងការបន្ថែមតម្លៃ ដែលអាចជួយឱ្យកសិផលចូលទៅកាន់ទីផ្សារពិភពលោក ដោយមានតម្លៃខ្ពស់ជាង។

លោកបានកត់សម្គាល់ថា សហគ្រាសធុនតូចកាន់តែច្រើន កំពុងចូលទៅក្នុងវិស័យកែច្នៃម្ហូបអាហារ ដែលបង្កើតម៌ាគាថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារក្នុងស្រុក។

លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា អឺរ៉ុបតំណាងឱ្យទីផ្សារដ៏ធំមួយសម្រាប់ការនាំចូលកសិផល និងអាហារកែច្នៃ ជាពិសេសតាមរយៈការរៀបចំពាណិជ្ជកម្មថ្មីៗ​​ ដែលផ្តល់ពន្ធជិតសូន្យ ឬទាបបំផុតលើផលិតផលឥណ្ឌាជាច្រើន។

លោកក៏បានលើកឡើងពីកាលានុវត្តភាព ដែលកើតចេញពីកិច្ចព្រមព្រៀង និងភាពជាដៃគូពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយបណ្តាប្រទេសសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប រួមមាន ប្រទេសស្វីស ន័រវែស លិចតិនស្តាញ និងអ៊ីស្លង់ នូវែលសេឡង់ អូស្ត្រាលី ជប៉ុន កូរ៉េ ប្រជាជាតិអាស៊ាន អូម៉ង់ អេមីរ៉ាតអារ៉ាប់រួម និងប្រទេសម៉ូរីស។

លោកបានបន្ថែមថា ការចរចាជាមួយកាណាដាកំពុងដំណើរការ និងការពិភាក្សាជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលមានសមាជិកប្រាំមួយប្រទេសនៅតំបន់មជ្ឈិមបូព៌ា បានចាប់ផ្តើមដំណើរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ