ដោយ ឡុង សារេត
ភ្នំពេញ៖ ប្រធានសមាគមកាហ្វេកម្ពុជាបានវាយតម្លៃថា កាហ្វេកំពុងក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតាមទីជនបទ ព្រមទាំងបានធ្វើឱ្យតម្រូវការកាហ្វេនៅលើទីផ្សារកើនឡើងខ្ពស់ ខណៈការដាំដុះ និងការប្រមូលផលកាហ្វេប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជានៅមានបរិមាណតិចតួច។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា មានប្រសាសន៍ថា “ចូលមកដល់ឆ្នាំ២០២៦នេះ ប្រសិនបើយើងមើលប្រជាកសិកររស់នៅខេត្តប៉ែកឦសាន គាត់ទទួលបានចំណូលច្រើនពីការលក់កាហ្វេស្រស់ និងកាហ្វេក្រៀមក្រោយពីកាត់ចំណាយផ្សេងៗនៅក្នុងគ្រួសារ ”។
ប្រធានសមាគមខាងលើបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៦ សមាជិករបស់ខ្លួន ដែលដាំកាហ្វេនៅក្នុងខេត្តប៉ែកឦសាន្តនឹងបង្កើនការដាំកាហ្វេនៅលើផ្ទៃដីប្រហែល៦០០ហិកតាបន្ថែមទៀត។
លោកបន្តថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងទទួលបានការទំនាក់ទំនងពីខាងកសិករចង់ដាំកាហ្វេមកពីខេត្តផ្សេងៗ រួមមានខេត្តរតគិរី មណ្ឌលគិរី ដែលជាសមាជិកសមាគម។ ដូច្នេះសន្ទុះនៃការដាំដុះកាហ្វេនឹងមានច្រើននៅក្នុងឆ្នាំ២០២៦នេះ មានប្រហែល៦០០ហិកតា”។
បើតាមលោក ឌុក ពិសិដ្ឋ ការដាំកាហ្វេមានពីរប្រភេទ។ ប្រភេទទី១ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយប្រើកូនកាហ្វេបណ្តុះពីតូច និងទី២ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយដើមកាហ្វេផ្សំាមែក ត្រឹមតែរយៈពេលពីរបីឆ្នាំអាចចាប់ផ្តើមបានផលបណ្តើរៗ។
លោកទទួលស្គាល់ថា ទី១-កាហ្វេមានសក្តានុពល បើប្រៀបធៀបជាមួយដំណាំមួយចំនួនទៀត ដែលយើងពឹងផ្អែកទៅលើការនាំចេញ តែកាហ្វេមានតម្រូវការក្នុងស្រុកខ្ពស់, ទី២-កាហ្វេសខុសពីស្វាយ ទុរេន បើកសិករដាំហើយចាំបាច់ត្រូវតែលក់បើមិនដូច្នោះទេវានិងខូច។ តែចំពោះកាហ្វេវិញ បើកសិករហាលវាឱ្យស្ងួតល្អហើយ ចង់ទុកមួយឆ្នាំក៏គ្មានបញ្ហាដែរ ឬរង់ចាំដល់កាហ្វេឡើងថ្លៃចាំលក់ចេញក៏បានដែរ៕






