«ក្តាមថ្មកោះកុង» ត្រូវបានចុះបញ្ជីជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

photo_2026-04-22_13-45-51 (4)

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចេញវិញ្ញាបនបត្រចុះបញ្ជី «ក្តាមថ្មកោះកុង» ស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខេត្ត។

ការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ បន្ទាប់ពីអ្នកជំនាញពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះវាយតម្លៃ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»អស់ពេលជាច្រើនឆ្នាំមកនេះ ។

ដើម្បីជាសក្ខីភាពលើការទទួលស្គាល់ជាផ្លូវការ នូវ «ក្តាមថ្មកោះកុង»ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រសួងពាណិជ្ជកម្មជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ទោះបីជាយ៉ាងណា បើតាមវិញ្ញាបនបត្រចុះបញ្ជីដដែលនេះ ការចុះបញ្ជីនេះមានសុពលភាពចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មកម្លេះ ។

លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាតសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» នេះមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កិត្តិនាមផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

លោកបន្តថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍ និងការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់ការពង្រឹងអភិបាលកិច្ច និងក្របខ័ណ្ឌច្បាប់ ការអភិវឌ្ឍសមត្ថភាពរបស់ផលិតករ សមាគម និងវិស័យឯកជន ជំរុញការធ្វើពាណិជ្ជូបនីយកម្ម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងការតាមដានរកប្រភពដើមទំនិញផងដែរ។

លោកបញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍កន្លងមក ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយ វប្បធម៌ ទាក់ទាញភ្ញៀវទេសចរណ៍ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានអភិបាលកិច្ច ការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកនេះ ប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកស្របតាមលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ទាក់ទិននឹងបញ្ហានេះ លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានលើកឡើងថា ខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គារ មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម រួមទាំងផលិតផលសក្តានុពលពីវិស័យកសិកម្មផងដែរ។ ក្នុងនោះមាន ម្រេច ទុរេន សាវម៉ាវ ផ្លែចេក ទឹកឃ្មុំតំបន់ឆ្នេរ ។ល។ ហើយការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្ដាមថ្មកោះកុង» នាពេលនេះ នឹងធ្វើឱ្យខេត្តកោះកុងកាន់តែមានកេរ្តិ៍ឈ្មោះល្បីប្រកបដោយភាពជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ»។

ពាក់ព័ន្ធនឹង «ក្តាមថ្មកោះកុង»នេះ លោក សាលីប ហ្វារីន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានថ្លែងថា «ក្តាមថ្មកោះកុង» ដែលត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលនេះ មានរសជាតិឆ្ងាញ់ ហើយលក្ខណៈពិសេសរបស់វា គឺការនេសាទតាមបែបប្រពៃណី ដូចជាដាក់លប ការជីករន្ធ និងការចូលរួមអភិរក្សពីអ្នកនេសាទក្នុងរដូវក្តាមពងកូនជាដើម»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ