ដោយ ឡុង សារេត
ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ពីកសិករនៅភូមិគល់គម ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅឃុំដាមគោម ក្នុងស្រុកអង្គរជ័យ ខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ រហូតដល់មកពេលនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន LSV Industry បានអះអាងថា កសិករប្រកបមុខរបរដាំស្ពៃក្រញាញ់ ទាំងពីរទីតាំង ជីវភាពចាប់ផ្តើមមានលំនឹង មិនបារម្ភអំពីទីផ្សារ ដូចកាលពីពេលមុនទៀតនោះឡើយ។
អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industryបានឱ្យដឹងថា មូលហេតុសំខាន់ៗ ដែលជំរុញក្រុមហ៊ុនចាប់ផ្តើមជ្រើសរើសស្ពៃក្រញាញ់កែច្នៃធ្វើជាសាប៊ូសម្រាប់រាងកាយ ដោយសារតែមើលឃើញស្ពៃក្រញាញ់មានការកកស្ទះចាល់ច្រើននៅលើទីផ្សារ តាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ម្យ៉ាងទៀតអ្នកស្រីចង់ចូលរួមចំណែកជួយឱ្យកសិផលរបស់កសិករមានទីផ្សារ ទើបសម្រេចចិត្តជ្រើសរើសយកស្ពៃក្រញាញ់ ដែលត្រូវបានដាំនៅក្នុងសហគមន៍ទាំងពីរ ដែលមានទីតាំងនៅខេត្តតែវ និងខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូនេះឡើង។
អ្នកស្រីមានប្រសាសន៍ថា “បន្លែស្ពៃក្រញាញ់មានអត្ថប្រយោជន៍ច្រើនទាំងការទទួលទានជាអាហារ និងកែច្នៃជាផលិតផលថែរក្សាស្បែក ឬរាងកាយនេះ ព្រោះនៅក្នុងបន្លែស្ពៃសំបូរទៅដោយវីតាមីនចម្រុះ និងសារធាតុរ៉ែចម្រុះ។ ចឹងនៅពេលបានកែច្នៃស្ពៃក្រញាញ់ធ្វើជាផលិតផលប្រើលើរាងកាយហើយ ខ្ញុំមានអារម្មណ៍មោទនភាពចំពោះការងារមួយនេះ ពីព្រោះយើងបានជួយសម្រួលទៅដល់ជីវភាពគ្រួសារ និងបង្កើនការងារនៅតាមតំបន់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស”។
បើតាមអគ្គនាយិកាក្រុមហ៊ុនខាងលើ ផ្នែកទៅលើផែនការផលិតជាក់លាក់ នៅក្នុងមួយខែក្រុមហ៊ុនត្រូវការប្រមូលទិញស្ពៃក្រញាញ់ ដែលដាំដោយកសិករក្នុងខេត្តតាកែវ និងខេត្តកំពត មានប្រមាណ១០០តោន សម្រាប់កែច្នៃធ្វើជាផលិតផលសម្រាប់ប្រើប្រាស់លើរាងកាយ ហើយយោងតាមទៅតាមបរិមាណស្ពៃ ដែលក្រុមហ៊ុនមានតម្រូវការនេះ បានចូលរួមចំណែកជួយកសិករដាំស្ពៃ ត្រូវបានគេសង្កេតឃើញថា ជីវភាពពួកគាត់ចាប់ផ្តើមមានលំនឹងល្អប្រសើរជាងមុនៗ។ ជាពិសេសលែងព្រួយបារម្ភអំពីទីផ្សារដល់ពេលការប្រមូលផលចូលមកដល់ម្តងៗ៕








