ហាណូយ៖ មន្ត្រីរបស់ប្រទេសវៀតណាម ប្រមាណ៧០រូប បានចូលរួមក្នុងកម្មវិធីថែទាំថ្នាលបណ្តុះកូនកាហ្វេ នៅតាមមូលដ្ឋាន ក្នុងខេត្ត ដៀនបៀន ដើម្បីធានាវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍ដំណាំកាហ្វេ លើផ្ទៃដីទំហំ៥០០ហិកតា នៅឆ្នាំ ២០២៦នេះ។
កូនកាហ្វេទាំងអស់ ដែលបានបណ្តុះនៅទីតាំងខាងលើនេះ នឹងត្រូវចែកចាយទៅដល់កសិករវៀតណាមជាង៤៥០គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីដែលបានចុះបញ្ជីរួចរាល់។ បច្ចុប្បន្នខេត្ត ដៀនបៀន ស្ថិតភាគខាងពាយ័ព្យ ទីក្រុងហាណូយ កំពុងបណ្តុះកូនកាហ្វេរាប់លានដើម ស្របពេលកំពុងខិតខំអនុវត្តផែនការពង្រីកផ្ទៃដីដាំដំណាំកាហ្វេរហូតទៅដល់២៥ ០០០ហិកតា នៅត្រឹមឆ្នាំ២០៣០។
ចំណែកនៅក្នុងឃុំមួយនៃខេត្តដៀនបៀន ដែលមានព្រំប្រទល់ប្រទេសឡាវ និងខេត្តយូណារបស់ប្រទេសចិន កំពុងបណ្តុះកូនកាហ្វេប្រមាណ១,២លានដើម លើផ្ទៃដីជាងទំហំជាងមួយហិកតា ដែលបង្ហាញពីការលូតលាស់ល្អ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ។ ក្រោមផែនការនេះ កូនកាហ្វេទាំងអស់នឹងត្រៀមរួចរាល់សម្រាប់ការយកទៅដាំក្នុងចម្ការនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ដោយគ្របដណ្ដប់លើផ្ទៃដីប្រហែល៥០០ហិកតា។
ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរឃុំបាននិយាយថា កាហ្វេជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលមានស្ថិរភាព និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដោយសារតំបន់នេះមានលក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះ និងថែទាំ។
ចំណែកនៅថ្នាលមួយផ្សេងទៀត ស្ថិតនៅក្នុងឃុំមួយនេះ លើផ្ទៃដីទំហំ១ ៦០០ម៉ែត្រការ៉េ មានកូនកាហ្វេបណ្តុះបានរយៈពេលជាងបីខែ ក៏កំពុងលូតលាស់ល្អដែរ។ តាមគម្រោង កូនកាហ្វេទាំងនេះនឹងយកទៅដាំលើផ្ទៃដីប្រហែល៨០០ ហិកតា នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៦។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន ដែលបានចុះត្រួតពិនិត្យថា្នលនៃការបណ្តុះកូនកាហ្វេ នៅតាមឃុំបានកោតសរសើរអាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំការផ្គត់ផ្គង់គ្រាប់ពូជបានយ៉ាងល្អ។ ក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យឃុំ និងសង្កាត់ ត្រូវពង្រឹងវិធានការការពារសត្វល្អិត ដើម្បីធានាបានកូនកាហ្វេ ដែលមានគុណភាពខ្ពស់ មុនពេលអនុវត្តការដាំដុះជាទ្រង់ទ្រាយធំ។
ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មរបស់ខេត្ត ដៀនបៀន នៅឆ្នាំ២០៣០ កាហ្វេត្រូវបានកំណត់ជាដំណាំសំខាន់។ ដំណាំប្រភេទនេះ ត្រូវបានដាំនៅក្នុងឃុំមួយចំនួនប្រាំពីរ ដែលមានផ្ទៃដីដាំកាហ្វេជាង១ ០០០ហិកតា។
លោកបាននិយាយថា ខេត្ត ដៀនបៀន មានគោលបំណងពង្រីកផ្ទៃដីដាំដំណាំកាហ្វេឱ្យដល់២០ ០០០ហិកតា នៅឆ្នាំ២០៣០។ ទោះបីជាយ៉ាងណា លោកបានបន្ថែមថា ដោយសារផលិតភាពបច្ចុប្បន្ន និងអត្ថប្រយោជន៍សេដ្ឋកិច្ច ខេត្តអាចឈានដល់ការពង្រីកផ្ទៃដីដាំដំណាំកាហ្វេ ប្រហែល២៥ ០០០ហិកតា នៅឆ្នាំ២០៣០៕










