ដោយ ឡុង សារេត
តាកែវ៖ ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃពងទាកូន ពងទាសាប ចូលមកដល់ខែមីនា ឆ្នាំ២០២៦នេះ បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដោយមិនមានការកកស្ទះ ឬជាបញ្ហាចោទសម្រាប់អ្នកប្រកបមុខរបរចិញ្ចឹមទា អ្នកទិញលក់ពងទា និងអ្នកប្រកបមុខរបរភ្ញាស់ពងទាកូនទៀតហើយ។
សព្វថ្ងៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងពងទា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ អាចផ្គត់ផ្គង់ទៅលើទីផ្សារ ក្នុងស្រុកបានមួយសែនគ្រាប់ក្នុងមួយថ្ងៃ។
លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ខែមីនាឆ្នាំ២០២៦នេះ ទីផ្សារពងទាមានស្ថិរភាពឡើងវិញហើយ ចំណែកការលក់ដូរប្រចាំថ្ងៃធម្មតា ក៏មិនកកស្ទះ ដូចកាលពីពេលមានបញ្ហាជាមួយប្រទេសថៃនោះទេ ទោះបីតម្លៃពងមិនសូវថ្លៃ តែវាក៏មិននៅសល់ដែរ។
លោកគូសបញ្ជាក់ថា “សព្វថ្ងៃនេះពងទាសាបមួយគ្រាប់លក់បានថ្លៃចន្លោះពី៣០០ ទៅ៤០០រៀល និងពងទាកូនលក់បានថ្លៃចន្លោះ៤០០ទៅ៥៥០រៀល។ ប៉ុន្តែសម្រាប់ពងទាកូនបានធ្លាក់ថ្លៃមកក្រោម៤០០រៀលក្នុងមួយគ្រាប់”។
បើយោងតាមប្រធានសមាគមខាងលើ បច្ចុប្បន្ននេះទោះបីទីផ្សារ និងតម្លៃពងទាបន្តមានការប្រែប្រួលក៏ដោយ ប៉ុន្តែសម្រាប់កសិករប្រកបមុខរបរទាក់ទងនិងពងទា ប្រហែល៣០ភាគរយនៃប្រជាជនក្នុងតំបន់ នៅតែប្រកាន់ភ្ជាប់មុខរបរខ្លួន ព្រោះវាអាចទាញយកផលប្រយោជន៍ជួយផ្គត់ផ្គង់គ្រួសារ។
លោកបានបន្តទៀតថា ក្នុងពេលសព្វថ្ងៃនេះ កសិករនៅឃុំស្រែរនោង អាចផ្គត់ផ្គង់ស៊ុតទាទៅទីផ្សារក្នុងស្រុក បានប្រមាណមួយសែនគ្រាប់ ក្នុងនោះពងទាសាបបីម៉ឺនគ្រាប់ និងពងទាកូនប្រាំម៉ឺនគ្រាប់ ហើយតម្រូវការមានច្រើននៅក្នុងរដូវកាលបុណ្យចូលឆ្នាំ និងពិធីបុណ្យជាតិផ្សេងៗ។
ទាក់ទងនិងមុខរបរភ្ញាស់ពងទាកូននេះដែរ លោក សូត្រ សុផល បានសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះមានម្ចាស់អាជីវកម្ម បង្កើតឡភ្ញាស់ពងទាកូនមួយចំនួនបានផ្អាក ដោយសារពុំមានអ្នកមើលការខុសត្រូវអាជីវកម្មជំនួស។ តែទោះបែបនេះក្តី ការផ្គត់ផ្គង់ពងទាកូនទៅលើទីផ្សារក្នុងស្រុក មិនបានចោទជាបញ្ហានោះទេ ពោលការផ្គត់ផ្គង់នៅតែអាចឆ្លើយតបបានជាធម្មតា ដោយសារម្ចាស់អាជីវកម្មនីមួយៗបានបង្កើនបរិមាណផលិតពងទាកូនច្រើនជាងពេលមុនៗ។
លោកបានលើកឡើងថា “កាលពីសមាគមចាប់ផ្តើមដំណើរការដំបូងៗមានអ្នកប្រកបមុខរបរភ្ញាស់ពងទាកូន ចំនួន២៣ឡ តែសព្វថ្ងៃនេះនៅសល់១៩ឡប៉ុណ្ណោះ។ ទោះបីបែបនេះ ការផ្គត់ផ្គង់ពងទាកូនទៅលើទីផ្សារមិនចោទជាបញ្ហាទេ ព្រោះកាលពីមុនម្ចាស់ឡ ភ្ញាស់ពងទាកូនមានចំនួនតិច តែឥឡូវនៅតាមឡនីមួយៗមានការភ្ញាស់បរិមាណច្រើន។ ដូច្នេះអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានជាធម្មតា។ តួយ៉ាងសម្រាប់ខ្ញុំ នៅក្នុងមួយថ្ងៃគិតជាមធ្យម អាចផ្គត់ផ្គង់ពងទាសាបបាន ១ ០០០គ្រាប់ និងពងទាកូន៤ ០០០គ្រាប់ ឬច្រើនជាងនេះ អាស្រ័យទៅតាមរដូវកាល”៕








