ដោយ ឡុង សារេត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចាត់ទុក កាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន និងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់។
យោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសាន កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានចុះពិនិត្យផ្ទាល់នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី។
ឯកឧត្តមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជ។
ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស។ នេះគឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។
ជាមួគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយចម្ការកាហ្វេ ភីដា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេ ដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ ក្នុងន័យនេះ កាហ្វេ និងកាកាវ គួរត្រូវបានបញ្ចូលជាដំណាំយុទ្ធសាស្ត្របន្ថែមលើដំណាំ ដែលមានស្រាប់ដូចជា ចេក ស្វាយចន្ទី កៅស៊ូ និងដំឡូងមី”៕








