ដោយ នៅ ស៊ីវុត្ថា
កំពង់ចាម៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្មីៗនេះ បានរៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច “ស៊ីធី២៥” នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យកសិករប្រើប្រាស់ពូជនេះសម្រាប់ការផលិតនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយ។
កម្មវិធីនេះមានការចូលរួមពីលោកស្រី សាខន សុផានី នាយិការរងវិទ្យាស្ថាន និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមន្ត្រីអនុវត្តគម្រោងនៃការិយាល័យរុក្ខជម្រើសវិទ្យា អាជ្ញាធរដែនដី និងប្រជាកសិករនៅមូលដ្ឋាន សរុបចំនួន ៣០ នាក់។កម្មវិធីបានផ្តល់ឱកាសឲ្យកសិករបានចូលរួមទស្សនាការដាំដុះជាក់ស្តែង សិក្សាពីបច្ចេកទេសគ្រប់គ្រងដំណាំ និងពិភាក្សាប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានបង្ហាញពីលក្ខណៈពិសេស និងបច្ចេកទេសដាំដុះពូជស៊ីធី២៥ ដោយបញ្ជាក់ថា ពូជនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៥។ ស៊ីធី២៥ ជាពូជមិនប្រកាន់រដូវ អាចប្រមូលផលបានក្នុងរយៈពេលពី ៨៥ ដល់ ១២០ ថ្ងៃក្រោយសាបកូន មានភាពធន់នឹងជំងឺលឿងស្លឹក និងផ្តល់ទិន្នផលមធ្យមពី១៥ ដល់ ២០ តោនក្នុងមួយហិកតារ។
ផ្លែប៉េងប៉ោះមានសំបកក្រាស់ រសជាតិឆ្ងាញ់ និងមានកម្រិតជាតិស្ករ (Brix) ប្រមាណ ៨% ដែលសមស្របសម្រាប់តម្រូវការទីផ្សារ។ ជាពិសេស ពូជស៊ីធី២៥ គឺជាពូជបើកចំហ ដែលកសិករអាចរក្សាទុកគ្រាប់ពូជសម្រាប់ដាំដុះបន្តក្នុងរដូវកាលបន្ទាប់បាន ដោយជួយកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូលគ្រួសារ។
អាជ្ញាធរមូលដ្ឋានបានសម្តែងការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយចាត់ទុកថា ជាឱកាសសំខាន់សម្រាប់កសិករនៅតំបន់ក្នុងការទទួលបានចំណេះដឹងថ្មីៗ និងពូជដំណាំមានសក្តានុពលខ្ពស់។ កសិករចូលរួមក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការដាំដុះពូជស៊ីធី២៥ នៅលើផ្ទៃដីរបស់ខ្លួន ប្រសិនបើទទួលបានការគាំទ្រផ្នែកបច្ចេកទេសបន្ថែម។
តាមរយៈទិវាចម្ការបង្ហាញនេះ CARDI រំពឹងថា នឹងជួយលើកកម្ពស់ការផលិតបន្លែមានគុណភាព សុវត្ថិភាព និងមានស្ថិរភាព ទាំងបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ជាមួយគ្នានេះ ក៏ជាការចូលរួមចំណែកក្នុងការកែលម្អជីវភាពរស់នៅរបស់កសិករ បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅខេត្តកំពង់ចាម និងតំបន់ជិតខាងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕








