ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកកំពុងពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ ដើម្បីទប់ស្កាត់ការនាំចូលច្រើនលើសលប់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករសក្នុងស្រុក។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ផែនការនេះទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក ហ្វេដឺរិក ហ្គោ (Frederick Go) ដោយត្រូវបង្កើតរូបមន្ត និងគណនាអត្រាពន្ធនាំចូលឱ្យបានឱ្យត្រឹមត្រូវ។
ទោះបីជាយ៉ាងណា លោកមិនបានបកស្រាយលម្អិតអំពីអត្រាពន្ធជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានលើកឡើងថា ក្រសួងទាំងពីរចង់ឱ្យអត្រាពន្ធនេះស្ថិតនៅក្នុងកម្រិតសមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក ហើយមិនរារាំងដល់ការនាំចូលទាំងស្រុងនោះទេ។
លោកបានមានប្រសាសន៍ថា ការនាំចូលសារធាតុមេស្ករកាលពីឆ្នាំមុន បានកើនឡើង២០ម៉ឺនតោន ដែលជាបរិមាណត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹង កាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានប្រើប្រាស់សារធាតុមេស្ករជាង៨១ម៉ឺនតោន។ សារធាតុមេស្ករនោះ រួមមាន សារធាតុ អាស្ប៉ាតាម (Aspartame), អាសេស៊ុលហ្វាម ( Acesulfame), ស៊ូក្រាឡូស (Sucralose), សាការីន (Saccharin) និងសារធាតុ ស្តេវីយ៉ា (Stevia)។ បច្ចុប្បន្ននេះ ពន្ធនាំចូលសារធាតុទាំងនេះ មានចាប់ពីមួយទៅបីភាគរយ។
បញ្ហាការកើនឡើងនៃតម្រូវការសារធាតុមេស្ករ ក៏ដូចជាការនាំចូលមេស្ករ បានចាប់ផ្តើមនៅឆ្នាំ២០២៤ បន្ទាប់ពីក្រុមឧស្សាហកម្មកែច្នៃផ្សេងៗ បានត្អូញត្អែរអំពីការកើនឡើងនៃតម្រូវការស្ករផលិតក្នុងស្រុក។
ក្រុមឧស្សាហកម្មកែច្នៃស្ករ បានចង្អុលបង្ហាញថា ការប្រើប្រាស់សារធាតុមេស្ករ ដើម្បីផលិតស្ករស បានធ្វើឱ្យតម្លៃស្ករក្នុងស្រុកធ្លាក់ចុះជាបន្តបន្ទាប់ ព្រមទាំងបានបង្កគ្រោះថ្នាក់ដល់អ្នកដាំអំពៅ និងអ្នកផលិតស្ករ។
មន្ត្រីរដ្ឋាភិបាលហ្វីលីពីន និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មស្ករ បានកត់សម្គាល់ថា ការនាំចូលសារធាតុមេស្ករដោយគ្មានការគ្រប់គ្រងច្បាស់លាស់ឡើយ ដូច្នេះហើយ ទើបបណ្តាលឱ្យមានការនាំចូលកាន់តែច្រើនឡើងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ តម្រូវការនៅលើទីផ្សារសម្រាប់ស្ករផលិតក្នុងស្រុក បានធ្លាក់ចុះ ដោយសារតែមេស្ករមានតម្លៃថោកជាងស្ករមែនទែន៕








