ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ

Screenshot 2026-01-16 131948

ដោយ ជិន ម៉ាដេប៉ូ

កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។

​ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណ​ជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។

លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។

ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។

​ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ លោកអាចលក់បានក្នុងមួយគីឡូក្រាមថ្លៃ២ ០០០ ទៅ២៥០០រៀល។ ដោយឡែកត្រកួនលក់បាន២ ០០០រៀល និងសណ្តែកកួរវិញ ថ្លៃ៤ ០០០ ទៅ៥០០០រៀល ធ្វើឱ្យលោកសប្បាយចិត្តណាស់។ ទោះបីជាការលក់នេះមិនចំណេញច្រើនក្តី តែលោកសប្បាយចិត្តពីព្រោះថា បានដាំបន្លែធម្មជាតិសម្រាប់លក់ ហើយពិសេសបន្លែទាំងនេះលោកបេះយកទៅធ្វើម្ហូបក្នុងគ្រួសារដោយឥតព្រួយបារម្ភពីសារជាតិគីមី ទៀតផង។

តាមរយៈប្រាក់ចំណូលបានមកពីការលក់បន្លែ ក្បែរផ្ទះនេះដែរ លោកបានឱ្យដឹងផងថា លោកអាចយកមួយចំណែកទៅផ្គត់ផ្គង់គ្រួសារ ហើយអ្វីដែលោកសប្បាយចិត្តបំផុតនោះ គឺនៅពេលឃើញបន្លែរបស់លោកដុះលូតលាស់ល្អ ហើយមានអតិថិជនចូល​មករទិញរៀងរាល់ថ្ងៃ។

លោក ព្រហ្ម ថា ក៏បានប្រាប់ដែរថា ការដាំបន្លែនៅផ្បែរផ្ទះនេះ គឺលោកទើបសាកល្បងបានប៉ុន្មានខែប៉ុណ្ណោះ ឃើញថាពេលនេះហុចលទ្ធផលល្អប្រសើរ ធ្វើឱ្យលោកមានកម្លាំងចិត្តក្នុងការដាំដុះបន្តទៀត។ ក្នុងនេះយ៉ាងហោចណាស់ជួយឱ្យលោករកចំណូលបានប្រមាណមួយលានក្នុងការដាំមួយវគ្គៗថែមទៀត។

ចំណែកអ្នកស្រី សឿន ប៉ិច ជាអ្នករស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ដែលបានមកទិញស្ពៃ របស់លោក ព្រហ្ម ថាបានប្រាប់ឱ្យដឹងថា អ្នកស្រីសប្បាយចិត្ត ដែលមានអ្នកភូមិដាំបន្លែ ពីព្រោះថា ក្រៅពីមានតម្លៃថោកហើយ នៅជាស្ពៃល្អ គ្មានសារជាតិគីមី ដែលមិនប៉ះពាល់សុខភាព។

ស្រ្តីទិញបន្លែរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា ចង់ឃើញអ្នកភូមិដាំដំណាំ ជាបន្លែ ផ្លែឈើសម្រាប់ទុកបរិភោគ ពីព្រោះថា ក្រៅពីជួយឱ្យរកចំណូលដល់ពួកគាត់ហើយ ជាពិសេសយើងគ្រប់គ្នាមិនរងគ្រោះដោយសារតែបន្លែគីមីនាំចូលពីក្រៅប្រទេសផង។

ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់ថា នៅពេលនេះក្នុងចំណោមសហគមន៍ទំនើបចំនួន៣០ ដែលក្រសួងទើបបានបង្កើតឡើងមានប្រមាណ១០​សហគមន៍ហើយ ដែលជាសហគមន៍ដាំបន្លែ។ សម្រាប់នាពេលខាងមុខក្រសួងគ្រោងនឹងបង្កើតសហគមន៍ដាំបន្លែ និងជំរុញដល់ពលរដ្ឋធ្វើការដាំបន្លែដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារទាំងស្រុក ដោយមិនចាំបាច់ពឹងផ្អែកលើបន្លែនាំចូលពីក្រៅប្រទេសទៀតឡើយ។

បើតាម​ការលើកឡើងពីសំណាក់ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS)នាកន្លងមក បានឱ្យដឹងថា ប្រទេសកម្ពុជា​បាននាំចូល​បន្លែពី​ក្រៅប្រទេស​មាន​ចំនួនប្រមាណ២០០​តោន​ ទៅ​ជាង​៤០០​តោន ​ក្នុង​មួយថ្ងៃសម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ បន្លែ​ទាំងនោះ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​។​

ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា ការនាំចូលបន្លែ គេបានធ្វើការ​បែងចែក​ជា​៣​រដូវ​កាល ​ក្នុងនោះ​កម្ពុជា​នាំចូល​ជាង​២០០​តោន នៅរដូវ​ត្រជាក់ ​ចន្លោះ​ពី​ខែធ្នូ ដល់​ខែកុម្ភៈ។ ចំណែក​រដូវប្រាំង និង​រដូវវស្សា កម្ពុជា​នាំចូល​បន្លែ​រហូតដល់​៤០០​តោនក្នុង​មួយថ្ងៃ ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម​ ហើយប្រទេសកម្ពុជា ចំណាយ​ថវិកា​​​ជាង២០០​លាន​ដុល្លារ​សម្រាប់ទិញបន្លែក្នុង​មួយ​ឆ្នាំៗ ​ក្នុងការនាំចូល​បន្លែ​ពី​បរទេស ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក៕


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ