ដោយ ឡុង សារេត
ភ្នំពេញ៖ តំណាងសមាគមវារីវប្បករកម្ពុជា បានយល់ឃើញថា នៅឆ្នាំ២០២៦នេះ ទីផ្សារត្រីនៅក្នុងស្រុកនៅមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរអ្នកចិញ្ចឹមត្រី។ តែអាកាសធាតុដូចជាមិនសូវអំណោយផលប៉ុន្មាននោះទេ សម្រាប់កសិករតម្រូវឱ្យអ្នកចិញ្ចឹមត្រីត្រូវចេះគ្រប់គ្រងប្រភពទឹកឱ្យបានល្អ ដើម្បីធានានិរន្តរភាពក្នុងកសិដ្ឋាន។
ទន្ទឹមនិងនេះ តំណាងសមាគមខាងលើបន្តលើកទឹកចិត្តទៅដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេស ត្រូវអនុវត្តវារីវប្បកម្មល្អដើម្បីចាប់យកឱកាសទីផ្សារ នៅពេលតម្រូវការ និងការផ្គត់ផ្គង់មានការប្រែប្រួល។
លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ រដូវឹវស្សានឹងចាប់ផ្តើមនៅចុងខែឧសភា ហើយបរិមាណទឹកភ្លៀងអាចមានច្រើន។ ដូច្នេះការធ្វើស្រែ និងការចិញ្ចឹមត្រី អាចចូលមកដល់លឿន។ ប៉ុន្តែអាចមានបញ្ហាប្រឈមមួយចំនួននៅពាក់កណ្តាលរដូវ ដោយសារមានកូនរដូវប្រាំងធ្វើឱ្យអ្នកចិញ្ចឹមត្រីអាចខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមត្រីនៅតាមកសិដ្ឋានមួយចំនួន។ ប៉ុន្តែបើអ្នកចិញ្ចឹមត្រីចេះគ្រប់គ្រងប្រភពទឹកឱ្យបានល្អនៅតាមកសិដ្ឋាន នោះមិនសូវជាមានបញ្ហាចោទនោះទេ។
លោកបន្តថា សមាគមវារីវប្បករកម្ពុជា តែងតែលើកទឹកចិត្ត និងពន្យល់ដល់បងប្អូនវារីវប្បករក្នុងស្រុកថា ទីផ្សារត្រីនៅក្នុងស្រុកនៅមានទំហំធំនៅឡើយក្នុងឆ្នាំ២០២៦។ ដូច្នេះដើម្បីឱ្យពួកគាត់ចេះឆក់យកឱកាសពីទីផ្សារនេះបាន គាត់ត្រូវខិតខំផលិតត្រីអាចផ្គត់ផ្គង់ឱ្យបានជានិរន្ត ជាប្រចាំខែ ហើយដើម្បីឈានទៅរកការងារនេះ អ្នកចិញ្ចឹមត្រូវពង្រឹងសមត្ថភាពក្នុងការផលិត លើការងារបច្ចេកទេស ការងារគ្រប់គ្រងនៅកសិដ្ឋាន។ ម្យ៉ាងទៀត ត្រូវតែខិតខំពង្រឹងបណ្តាញទំនាក់ទំនងខាងទីផ្សារ ដើម្បីឱ្យឈ្មួញប្រមូលទិញមានទំនុកចិត្តមកលើខ្លួនឯងកាន់តែមានភាពប្រសើរឡើង។
បើតាមតំណាងសមាគមខាងលើ, មុនចាប់ផ្តើមអាជីវកម្មក្នុងវិស័យវារីវប្បកម្ម កសិករត្រូវគិតជាដំបូងអំពីទីផ្សារ។ កសិករគម្បីត្រូវចេះស្វែងយល់អំពីតម្រូវការទីផ្សារនៅក្នុងតំបន់របស់ខ្លួនថា ត្រីប្រភេទអ្វីខ្លះ ដែលទីផ្សារត្រូវការ ហើយត្រីប្រភេទណា ដែលគេអាចកែច្នៃបាន ងាយស្រួលចាប់យកទីផ្សារគោលដៅ និងដើម្បីគ្រប់គ្រងអាជីវកម្មឱ្យបានល្អ៕








