វៀតណាម​គិតដាក់ស្លាក​សញ្ញា​ព្រមានពណ៌​ក្រហមលើចម្ការ ឬកន្លែងវេចខ្ចប់ផ្លែ​ទុរេន​ណាមួយមានដាក់ថ្នាំពុល

Sample Front (2)

ហាណូយ៖ សមាគនកសិករដាំទុរេនរបស់វៀតណាម​​ នៅក្នុងខេត្ត​ ដាក់ឡាក់ បាននិយាយនៅក្នុងលិខិតមួយច្បាប់ស្នើទៅក្រសួងកសិកម្ម និងបរិស្ថានថា ការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ គឺចាំបាច់ណាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់។

យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា នៅក្នុងសំណើរនេះ បានរៀបរាប់ថា នៅតាមចម្ការ ឬទីកន្លែងវេច្ចប់ណាមួយ ប្រសិនបើរកឃើញថា ហ៊ានបំពានសេចក្តីណែនាំនេះ នឹងត្រូវជាប់ឈ្មោះក្នុងបម្រាមព្រមាន​ពណ៌ក្រហម ចំណែករដ្ឋាភិបាលក៏ត្រូវពិនិត្យតាមទីតាំងនោះឡើងវិញ ដើម្បីធានាថា ម្ចាស់ចម្ការ ឬម្ចាស់ទីកន្លែងវេចខ្ចប់ទុរេន ពិតជាបានធ្វើកសិកម្មប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។

ការលើកជាសំណើនេះ កើតឡើងបន្ទាប់ពីទទួលរងការព្រមានម្តងហើយម្តងទៀតពីអាជ្ញាធរគយចិន ចាប់តាំងពីចុងឆ្នាំ២០២៤ម្លេះ ក្រោយពីរកឃើញទុរេនវៀតណាម ដែលមានផ្ទុកសារធាតុគីមី កាត់មីញ៉ុម​(Cadmium) ដែលជាប្រភេទសារធាតុលោហៈធ្ងន់ និងពុលថែមទៀត។

ចំណែកសំណាកមួយចំនួនទៀត ក៏ត្រូវគយចិនរកឃើញមានផ្ទុកសារធាតុ អូរ៉ាមីន អូ (Auramine O) ដែលជាសារធាតុបន្ថែម ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើនៅលើចំណីអាហារ ព្រោះបង្កឱ្យកើតជំងឺមហារីក។

តាមការពន្យល់របស់អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា សារធាតុ អូរ៉ាមីន អូ គឺជា​ប្រភេទម្សៅ​ពណ៌លឿង​ដូច​ល្មៀត ហើយងាយ​រលាយ​នៅ​ក្នុង​ទឹក ឬ​អាល់កុល។ សារធាតុ​នេះ ត្រូវ​បាន​គេ​កម្រិត​ឱ្យប្រើយ៉ាង​ប្រុងប្រយ័ត្ន​បំផុត ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​តិចតួច​ប៉ុណ្ណោះ​ សម្រាប់លាយ​ពណ៌​លើក្រណាត់ ក្រដាស, ឈើ, និង​ថ្នាំ​ពណ៌ផ្សេងៗ។ ចំណែក​ឯ​ក្នុង​វិស័យ​វេជ្ជសាស្ត្រវិញ សារធាតុ អូរ៉ាមីន អូ  គេ​ប្រើ​តិចតួច​ប៉ុណ្ណោះ សម្រាប់ធ្វើ​ពិសោធន៍។ រីឯនៅ​ក្នុង​វិស័យ​ចំណី​អាហារវិញ សារធាតុ អូរ៉ាមីន អូ ត្រូវ​បាន​គេ​ហាម​ប្រើប្រាស់​ជា​ដាច់ខាត។

យោងតាមក្រសួងកសិកម្ម​ និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៥នេះ បានធ្លាក់ចុះ៧៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងនាំឱ្យខាតបង់ប្រាក់ចំណូលរហូតដល់១៣០លានដុល្លារ។

ឥឡូវនេះប្រទេសចិន បានធ្វើតេស្តិ៍រលើទុរេនវៀតណាមទាំងអស់ ដើម្បីពិនិត្យសារធាតុ​ កាត់មីញ៉ុម និងសារថាតុ អូរ៉ាមីន អូ ដែលបណ្តាលឱ្យមានការផ្អាកការនាំចូលទុរេន ទៅកាន់ទីផ្សារក្នុងប្រទេសចិន។

សមាគមអ្នកដាំទុរេន ក្នុងខេត្តដាក់ឡាក់ កំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលវៀតណាម ដើម្បីពិនិត្យរកសំណល់គីមី និងតាមដានប្រភពដើមរបស់សារធាតុនេះ។

សមាគមបានជំរុញឱ្យរដ្ឋាភិបាលចេញស្តង់ដារបច្ចេកទេស និងអនុម័តបច្ចេកវិទ្យាសាកល្បងភ្លាមៗនៅនឹងកន្លែង ដើម្បីវាយតម្លៃសុវត្ថិភាពចំណីអាហារ មុនពេលផលិតផលត្រូវបាននាំចេញ។

ក្នុងករណីមានការរំលោភលើសុវត្ថិភាពជាក់ស្តែង សមាគមចង់ឱ្យរដ្ឋាភិបាលបំផ្លាញចោលតែម្តង ដោយត្រូវដឹកយកមកលក់ឡើយ ដើម្បីការពារសុខភាពសាធារណៈ និងកេរ្តិ៍ឈ្មោះរបស់ឧស្សាហកម្ម។

ប្រទេសវៀតណាមមានផ្ទៃដីដាំទុរេនជាង១៥០ ០០០ហិកតា ប៉ុន្តែមានតែ២០ភាគរយប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យនាំចេញទៅលក់នៅទីផ្សារបរទេស។ ចំណែកទុរេនភាគច្រើន ដែលមិនបានបំពេញតាមបទប្បញ្ញត្តិបច្ចេកទេស និងថ្នាំសម្លាប់សត្វល្អិត មិនអនុញ្ញាតឱ្យចេញទេ។

ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ធុរេនវៀតណាម ដែលការនាំចេញកន្លងមក ទទួលបានប្រាក់ចំណូល៣,២ពាន់លានដុល្លារ។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម ក្នុងខេត្តដាក់ឡាក់ បានស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ ចំណែកកម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់វិញ ក៏បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម​​ ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ៕


image_2026-10-22_13-13-03
វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន

ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]

image_2026-10-22_15-49-55
កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក​ បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]

HD 5
កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ​ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

HD 4
ចិន ពង្រឹងការផ្គត់ផ្គង់អគ្គិសនី ដើម្បីគាំទ្រដល់ការប្រមូលផលដំណាំរបស់កសិករ

ខេត្តហឺណាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចិន កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ក្នុងអំឡុងរដូវប្រមូលផលដំណាំររបស់កសិករ ចិន នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលឈៀងខាងកើតប្រទេសចិន។ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចុះទៅជួបសហគ្រាសកែច្នៃកសិផល ហើយបង្កើនកម្លាំងថាមពលស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាសនីមួយៗ រួមមានការវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ថាមពល ការណែនាំអំពីការផ្លាស់ប្តូរពេលវេលាប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយបន្ទុកនៅម៉ោងមានតម្រូវការខ្ពស់ និងការត្រួតពិនិត្យហានិភ័យសុវត្ថិភាពអគ្គិសនី ដែលធានាដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យមានស្ថិរភាពពេញមួយរដូវប្រមូលផល។ តម្រូវការថាមពលអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់ប្រមូលផលកសិកម្ម ដោយសារសហគ្រាសខ្នាតតូច និងមីក្រូ ដែលប្រកបអាជីវកម្មស្តុកទុកគ្រាប់ធញ្ញជាតិ និងកែច្នៃផលិតផលកសិកម្ម ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីស្រូបយកផលិតផលរបស់កសិករឱ្យអស់ពីសមត្ថភាព។ ដូច្នេះ ដើម្បីធានាថា ការផ្គត់ផ្គង់អគ្គិសនីមិនមានការរំខានក្នុងអំឡុងពេលដ៏សំខាន់នេះ ក្រុមហ៊ុនផ្គត់ផ្គង់ថាមថាមពលអគ្គិសនី បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតប្រព័ន្ធគាំទ្រដ៏មានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បុគ្គលិកផ្តល់សេវាកម្មអគ្គិសនី បានចុះទៅតាមភូមិ និងតាមសួនឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអាជីវកម្មខ្នាតតូច និងដីស្រែចម្ការ។ ក្រុមជំនាញបានប្រើប្រាស់បច្ចេកវិទ្យាវាស់កម្ដៅ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីបញ្ជូនចរន្តខ្ពស់ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី។ នៅពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមបញ្ចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ការវិភាគបញ្ហាដោយផ្អែកលើទិន្នន័យ និងសេវាកម្មអគ្គិសនីនៅតាមជនបទ ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់ […]

កាលវិភាគផ្សព្វផ្សាយ