(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរំលឹកដល់អ្នកនាំចេញត្រូវត្រៀមខ្លួនអនាគតទីផ្សារពិភពលោក ពិសេសអឺរ៉ុប ដែលគេនឹងគិតគូរពីតម្រូវឱ្យនាំចូលផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទយន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតបានពន្យល់ថា ប្រទេសមួយចំនួននឹងមានច្បាប់របស់គេ ក្នុងការកំណត់ទៅលើផលិតផល ដែលនាំចូលទៅកាន់ទីផ្សាររបស់គេ គឺជាផលិតផលដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ ប្រសិនបើអ្នកផលិតមិនគោរពតាមច្បាប់ និងបែបបទដែលគេតម្រូវនោះទេ នឹងមិនអាចនាំចូលផលិតផលទៅប្រទេសគេបាននោះទេ។
ជាក់ស្តែងនាពេលថ្មីៗនេះ នៅសហគមន៍អឺរ៉ុប ដែលជាទីផ្សារធំមួយរបស់កម្ពុជា បានបង្កើតនូវបទប្បញ្ញត្តិមួយ ដែលនឹងដាក់បន្ទុកលើផលិតផលទាំងអស់ ដែលនាំចូលទៅអឺរ៉ុបត្រូវតែគោរពទៅតាមវិធាន និងបទប្បញ្ញត្តិនេះ ប្រសិនអ្នកផលិត និងនាំចេញមិនគោរពតាមបទប្បញ្ញត្តិនេះនោះទេ នឹងមិនអាចនាំចូលទៅក្នុងទីផ្សារអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកចង់ឱ្យអ្នកផលិត និងនាំចេញទំនិញ នៅកម្ពុជា យកចិត្តទុកដាក់ទៅលើបញ្ហានេះ ពោលគឺត្រូវគិតគូរទៅលើការផលិត និងកែច្នៃផលិតផល ដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចេញ ផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នាពេលអនាគត ជាពិសេសផលិតផលកសិកម្ម ។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា អឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា ក្នុងករណីដែលកម្ពុជាមិនអាចនាំចូលទៅក្នុងទីផ្សារទាំងនេះបាន វានឹងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅថ្ងៃអនាគតផងដែរ៕