អន្តរជាតិ៖ ចក្រភពអង់គ្លេសគ្រោងនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយហ្វីលីពីន បន្ទាប់ពីប្រជាជាតិអាស៊ីបានយល់ព្រមដកបម្រាមនាំចូលសាច់គោ និងផលិតផលបសុបក្សីរបស់អង់គ្លេស។
យោងតាមការផ្សាយរបស់ The Edge Malaysia បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោក ឌូក្លាស អាឡិចសាន់ឌឺ (Douglas Alexander) នឹងជួបជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក អាឡែន ហ្គោតធី (Allan Gepty) នៅទីក្រុងឡុងដ៍ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ កសិកម្ម និងបច្ចេកវិទ្យាក្នុងទំហំទឹកប្រាក់ប្រហែល២,៨ពាន់លានផោន ស្មើនឹង៣,៦ពាន់លានដុល្លារអាមេរិក ។
កិច្ចសន្ទនានេះកើតឡើងបន្ទាប់ពីប្រទេសហ្វីលីពីន បានយល់ព្រមលុបចោលការហាមឃាត់ការនាំចូលសាច់គោរបស់ចក្រភពអង់គ្លេស បន្ទាប់ពីរកឃើញជំងឺលើសត្វគោនៅក្នុងកសិដ្ឋានរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំ២០២៤។ ការសម្រេចចិត្តលុបចោលការហាមឃាត់នេះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ៨០លានផោនដល់ឧស្សាហកម្មសាច់របស់ចក្រភពអង់គ្លេសក្នុងរយៈពេលប្រាំឆ្នាំ។
រដ្ឋមន្ត្រីពាណិជ្ជកម្មចក្រភពអង់គ្លេស បាននិយាយថា កិច្ចពិភាក្សានេះនឹងបង្ហាញពីជំពូកថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ី។
នេះជាកិច្ចពិភាក្សាចុងក្រោយបង្អស់ក្នុងការចរចាជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ។
សហរដ្ឋអាម៉េរិក នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ពន្ធលើការការពារនិយម ដែលធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបង្ខំឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស សម្លឹងមើលការពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី។
ចក្រភពអង់គ្លេសក៏កំពុងបន្តកំណត់ឡើងវិញ ក្រោយចាកចេញពីសហភាពអឺរ៉ុប ហើយកំពុងពិភាក្សាជាមួយរដ្ឋបាលរបស់លោក Trump ដើម្បីយល់ព្រមលើ “កិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី”។
លោក អាឡិចសាន់ឌឺ និងលោក ហ្គេតធី ក៏នឹងពិភាក្សាផងដែរអំពីសំណើសម្រាប់ការផ្តល់ហិរញ្ញប្បទានរហូតដល់ 5ពាន់លានផោនពីហិរញ្ញវត្ថុនាំចេញរបស់ចក្រភពអង់គ្លេស( UK Export Finance) ដើម្បីជួយផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសហ្វីលីពីន៕