ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន និងសហការីនៃក្រុមហ៊ុនអេមរុរ៉ាយស៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ធំ បានពិនិត្យពូជស្រូវស្រងែក្រអូបជំនាន់ទី២ ដែលជាពូជបន្សុទ្ធថ្មី នៅថ្នាលបន្សុទ្ធពូជរបស់រោងចក្រកែច្នៃអង្ករ សាខាអេមរុរ៉ាយស៍កំពង់ធំ និងពិនិត្យការប្រមូលផលស្រូវពូជស្រងែក្រអូប ដែលអាចផ្ដល់ទិន្នផលខ្ពស់ចន្លោះប្រាំ ទៅប្រាំមួយតោនក្នុងមួយហិកតា នៅស្ថានីយបល្ល័ង្ក ដែលមានទីតាំងនៅនៅភូមិបល្ល័ង្ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រុមហ៊ុនអេមរុរ៉ាយស៍ បានបន្សុទ្ធពូជស្រូវប្រពៃណីចំនួន៨ប្រភេទ រួមមានពូជនាងអុក ពូជនាងអំសំបកក្រហម ពូជនាងអំសំបកខ្មៅ ពូជដំណើបខ្មៅ ពូជស្រងែ ពូជនាងកែវ ពូជរំបើស និងពូជម្លិះក្រហម ដែលជាពូជបុរាណខ្មែរ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ពូជស្រូវស្រងែក្រអូប គឺជាពូជបន្សុទ្ធ ស្ថិតក្រោមកម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ និងកំពុងរៀបចំបន្សុទ្ធដោយក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាពូជមានសក្តានុពលក្នុងការផលិត និងកែច្នៃអង្ករ ប្រកបដោយគុណភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលដៅសម្រេចឱ្យបាននូវពូជស្រូវ ដែលមានប្រភពច្បាស់លាស់ និងមានគុណភាពល្អ ជាពិសេស ក្រុមហ៊ុនអេមរុរ៉ាយស៍ ប្តេជ្ញាចូលរួមចំណែករក្សានូវពូជប្រពៃណីបុរាណខ្មែរ ដើម្បីអាចគាំទ្រដល់កសិករក្នុងការពង្រីកការដាំដុះ និងបង្កើនប្រាក់ចំណូលក្នុងស្រុក និងដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះពូជស្រូវអង្ករល្អ និងមានតម្លៃនៅលើទីផ្សារក្នុងស្រុក និងអន្ដរជាតិ៕