តម្លៃម្រេចភូមិភាគឦសានឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំមុន កសិករសប្បាយចិត្តចំពោះប្រាក់ចំណូល

THN3 copy

មណ្ឌលគិរី៖ កសិករដាំដំណាំម្រេចនៅក្នុងខេត្តភូមិភាគឦសាន នាឆ្នាំ២០២៥ មានទឹកចិត្តសប្បាយរីករាយគ្រប់គ្នាដោយសង្ឃឹមថា ពួកគេនឹងទទួលបានប្រាក់ចំណូលច្រើនពីការលក់កសិផលរបស់ខ្លួន ខណៈទីផ្សារម្រេចក្នុងស្រុក និងនៅក្រៅប្រទេសចាប់ផ្តើមឡើងថ្លៃវិញ។

លោក យឿន ដារ៉ា ជាម្ចាស់ចំការម្រេចឈ្មោះ តាយឿន បានប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍អនឡាញ ARDB-TV នៅដើមសប្តាហ័នេះថា ពូជម្រេចភាគឦសានមាន៣ប្រភេទ ដែលកសិករបានដាំ គឺម្រេច ម៉ាឡេ ម្រេចយូឡិន និងម្រេចខ្មែរ។ ចំណែក ការប្រមូលផលម្រេចទាំង ៣ប្រភេទនេះ មានតាមដំណាក់របស់វា គឺចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមករា ប្រមូលផលម្រេចយូឡិន។ ខែមករា ដល់ខែមេសា ប្រមូលផលម្រេចម៉ាឡេ ចំណែកម្រេចខ្មែរ ប្រមូលផលពីខែមេសា ដល់ខែមិថុនា។

កសិករដាំដំណាំម្រេច យឿន ដារ៉ា រស់នៅឃុំប៊ូសា្រ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរៀបរាប់ដូច្នេះថា៖ “ម្រេចខ្មែរលក់បានតម្លៃថ្លៃជាងម្រេចយូឡិន និងម្រេចម៉ាឡេ។ ឆ្នាំនេះកសិកររៀងញញឹមតិច ព្រោះម្រេចមានតម្លៃល្អ។ ដោយ​ម្រេចស្ងួត១គីឡូ លក់បានក្នុងតម្លៃ២៦០០០រៀល។ ស្រស់១គីឡូ ៨០០០ ទៅ៩000រៀល។ តម្លៃម្រេចនេះ នឹងមានការប្រែប្រែ ឬឡើងចុះទៅតាមទីផ្សារ”។

បើធៀបនឹងឆ្នាំមុន តម្លៃម្រេចឡើងលើសឆ្នាំមុនជិត១ម៉ឺនរៀលក្នុងមួយគីឡូក្រោម។ បើបីជាម្រេចក្នុងឆ្នាំនេះ បានធ្វើឱ្យកសិករដាំម្រេចមានស្មាមញញឹមក្ដី ប៉ុន្តែកាលពី៣ឆ្នាំមុន តម្លៃម្រេចបានធ្លាក់ចុះរហូតដល់៦០០០ ទៅ៥០០០រៀលក្នុងមួយគីឡូក្រោម។

លោកបានបញ្ជាក់ថា ម្រេចរបស់ខ្លួនតែងតែលក់ម្រេចឱ្យឈ្មួញកណ្ដាល ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតលក់នៅក្នុងទីផ្សារក្នុងស្រុក។ បើតាមម្ចាស់ចំការរូបនេះ ជាមធ្យមប្រមូលផលម្រេចចំនួន១០០០ជន្លង់ បានម្រេចស្ងួត ៣ទៅ៤តោន ហើយក្នុងចំការរបស់លោកដាំម្រេចទាំង៣ប្រភេទនេះ បានសរុបប្រមាណ៥០០០ជន្លង់។ ប៉ុន្តែ ទាក់ទងនឹងប្រាក់ចំណូលម្រេចលក់ចេញសរុបក្នុងមួយខែ ឬ១ឆ្នាំ លោកដារ៉ា មិនអាចប្រាប់ពីចំនួនបាននោះទេ ព្រោះម្រេចរបស់លោកប្រមូលផលជារឿយៗ បន្តបន្ទប់គ្នា។

ម្រេចលោក យឿន ដារ៉ា ប្រមាណ៥០០០ជន្លង់នេះ ត្រូវបានដាំនៅលើផ្ទៃទំហំជាង៨ហិកតា ហើយពូជម្រេចទាំង​៣ប្រភេទនេះ មិនសូវខុសគ្នាក្នុងការមើលថែទាំនោះទេ ដោយសារវាខុសគ្នាតែតម្លៃនៅលើទីផ្សារ និងពេលវេលាប្រមូលផលប៉ុណ្ណោះ។

លោក ដារ៉ា បន្ថែមថា សម្រាប់របៀបនៃការដាំដុះក៏មិនខុសគ្នាដែរទេ បើទោះបីជាប្រភេទគ្រាប់ពូជខុសគ្នាក៏ដោយ គឺត្រូវដាំដុះ ឬធ្វើជើង ជ្រួយដី ថែទាំ ចាប់ពីខែមិថុនាតទៅ ដើម្បីប្រមូលផលនៅខែវិច្ឆិកា ដល់ខែឧសភា។ ម្រេចម៉ាឡេ មានអាយុ១ឆ្នាំ អាចចេញផ្កាផ្លែ ខុសពីដំណាំកៅស៊ូ ស្វាយចន្ទី ដែលមានរយៈពេលយូរពី៥ទៅ៦ឆ្នាំទើបឲ្យផល។ ចំពោះការថែទាំម្រេចនេះវិញ គឺត្រូវដាក់ទឹក និងដាក់ជីអាចម៍គោឱ្យបានគ្រប់គ្រាន់ និងស្រោចទឹកក្នុងរង្វង់១សប្ដាហ៍ម្ដង។

ចំណែកលោក រ៉ាន់ សល អ្នកមើលថែទាំម្រេចនៅក្នុងកសិដ្ឋានក្បែរនេះ បានរៀបរាប់ពីរបៀបដាំ និងថែទាំម្រេចថា មុននឹងដាំ ត្រូវរៀបចំដី ជ្រួយដី ដាក់ជី ដាំជម្លង់ ហើយបន្ទាប់ពីម្រេចចាប់ផ្តើមដុះលូតលាស់បានរយៈពេល៣ខែ ត្រូវកាប់រណ្ដៅដាក់ជីអាចម៍គោ កន្លះខែម្ដង និងបាញ់ថ្នាំ១សប្ដាហម្ដង ដើម្បីការពារសត្វល្អិត និងជំនួយត្រួយម្រេចឱ្យលូតលាស់បានលឿន។

បើតាមបទពិសោធន៍ និងការសង្កេតរបស់អ្នកថែម្រេចនៅខេត្តមណ្ឌលគិរីរូបនេះ ម្រេចម៉ាឡេ មានផ្លែកួរវែង ស្លឹកវែង មានទម្ងន់ធ្ងន់ជាងម្រេចខ្មែរ និងមានផ្លែច្រើន។ ចំណែកម្រេចខ្មែរ មានកួរខ្លី ផ្លែតិច ស្លឹកខ្លី មានរសជាតិហឹរឆ្ងាញ់ជាងម្រេចម៉ាឡេ ប៉ុន្តែវាមានតម្លៃទីផ្សារខ្ពស់ជាង។

លោក សល បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងរយៈពេលទើបដាំត្រូវស្រោចទឹកជារៀងរាល់ថ្ងៃ ពេលចាប់ផ្តើមឡើងលើជន្លង់ត្រូវស្រោចទឹក១សប្ដាហម្ដង។ ការស្រោចទឹកត្រូវស្រោចឱ្យបានគ្រប់គ្រាន់ បើទឹកមិនគ្រប់គ្រាន់ទេ ម្រេចនឹងមិនសូវមានផ្លែច្រើននោះទេ”។

និយាយជារួមសម្រាប់ការដាំដុះដំណាំម្រេចនេះ ត្រូវចំណាយរយៈពេលចន្លោះពីមួយទៅពីរឆ្នាំ ទើបទទួលបានផល ខណៈដល់រដូវប្រមូលផល កសិករត្រូវចំណាយពេល៦ខែដើម្បីថែទាំ ដាក់ជីបំប៉នម្រេច ដោយគិតចាប់ពីខែមិថុនា ដល់ខែមករា ហើយអាចប្រមូលផលចាប់ពីខែមករា ដល់ខែឧសភា៕


photo_2026-11-05_14-52-35 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ធនាគារគោលនយោបាយផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបដល់វិស័យកសិកម្ម

ដោយ ឡុង​ សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោមានប្រសាសន៍ថា កសិករ និង​អ្នកកែច្នៃកសិផល អាច​ស្វែងរកឥណទានក្នុងអត្រាការប្រាក់ទាបពី ARDB  ដែលជាធនាគារ​គោលនយោបាយរបស់រដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត បានពន្យល់ថា ដូចគ្នានឹង​តាមបណ្ដាប្រទេសនានាដែរ​ ដើម្បីឱ្យប្រជាជនអាចខ្ចីលុយពីរាជរដ្ឋាភិបាលបាន គឺរាជរដ្ឋាភិបាលបង្កើតធនាគារមួយសម្រាប់បញ្ចេញលុយទៅឱ្យប្រជាពលរដ្ឋខ្ចីដើម្បីជំរុញវិស័យអាទិភាព ពោលគឺវិស័យកសិកម្ម និងការ​អភិវឌ្ឍន៍ជនបទ ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ដួង ចន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា “នៅកម្ពុជា យើងមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនេះមុនគេ ដែលជួយបំពេញដល់​តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងវិស័យកសិកម្ម។ ដូចនេះធនាគារ ARDB គឺជាដៃរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីយកទៅធ្វើការងារ និងប្រកបមុខរបរក្នុងវិស័យកសិកម្ម។ ធនាគាររបស់រដ្ឋនេះតែងតែផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីក្នុងអត្រាការប្រាក់សមរម្យ ហើយទាបជាងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេស។ បើពុំដូចនេះទេ […]

MALAYSIA-ECONOMY-CHICKEN
កសិដ្ឋានចិញ្ចឹមមាន់នៅម៉ាឡេស៊ី ត្រូវផ្លាស់ទី ព្រោះគេប្តឹងអំពីសត្វរុយ និងក្លិនស្អុយ

គូឡាឡាំពួរ៖ កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងរដ្ឋចូហ័រ (Johor) ភាគខាងត្បូងម៉ាឡេស៊ី និងមានព្រំដែនជាប់សិង្ហបុរី ដែលត្រូវបានបង្កើតឡើងមុនគេ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបង្កើតជាតំបន់លំនៅឋាន និងតំបន់ឧស្សាហកម្ម នៅក្បែរកសិដ្ឋាននេះក្នុងឆ្នាំ២០២១។ ទោះបីជាគ្មានការសង្ស័យថា តើនរណាមកមុនរវាងមេមាន់ និងស៊ុតក៏ដោយ ក៏ម្ចាស់កសិដ្ឋាននេះ មានគម្រោងផ្លាស់ប្តូរទីតាំងកសិដ្ឋានរបស់ខ្លួន បន្ទាប់ពីអ្នករស់នៅក្បែរនោះបានប្តឹងជាបន្តបន្ទាប់អំពីបញ្ហាសត្វរុយ និងក្លិនស្អុយអាចម៍មាន់ខ្លាំងពេក។ ម្ចាស់កសិដ្ឋាន បាននិយាយថា អាជ្ញាធរមូលដ្ឋានចង់ឱ្យលោករើចេញ។ ដូច្នេះ លោកត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីផ្លាស់ប្តូរទីតាំងកសិដ្ឋាន ដែលត្រូវចំណាយអស់ជាង៧លានដុល្លារ។ កសិដ្ឋានចិញ្ចឹមមាន់ និងផលិតស៊ុតជាច្រើននៅតាមតំបន់ផ្សេងៗក្នុងប្រទេសម៉ាឡេស៊ី កំពុងជួបប្រទះការត្អូញត្អែរកាន់តែច្រើនឡើងអំពីសត្វរុយ កាកសំណល់ និងក្លិនស្អុយ ចំពេលទីក្រុងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការសាងសង់តំបន់លំនៅឋានថ្មីៗកាន់តែខិតជិតតំបន់កសិកម្ម។ ការត្អូញត្អែរទាំងនេះបានជំរុញឱ្យមានការដាក់ចេញនូចបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ឬការពង្រឹងការអនុវត្តច្បាប់ ដែលធ្វើឱ្យប្រតិបត្តិការរបស់កសិដ្ឋានទាំងនេះកាន់តែមានការលំបាក។ យោងតាមនាយកដ្ឋានសេវាពេទ្យសត្វ ម៉ាឡេស៊ី មានទ្រុងចិញ្ចឹមបសុបក្សីចំនួនប្រមាណ៨ភាគរយប៉ុណ្ណោះ ក្នុងចំណោមទ្រុងចិញ្ចឹមសរុបជាង១៦ម៉ឺនទ្រុងនៅម៉ាឡេស៊ី ដែលបានអនុវត្តប្រព័ន្ធទ្រុងបិទជិតល្អ។ ប្រព័ន្ធនេះបែបមិនទាន់បង្ខំឱ្យអនុវត្តនៅតាមកសិដ្ឋានចិញ្ចឹមបសុបក្សីនៅថ្នាក់សហព័ន្ធនៅឡើយទេ ប៉ុន្តែរដ្ឋមួយចំនួនបានកំណត់ឱ្យការប្រើប្រាស់ប្រព័ន្ធបែបនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧តទៅ។ ភាគច្រើនកសិដ្ឋាននៅក្នុងរដ្ឋចូហ័រផ្គត់ផ្គង់សាច់មាន់ និងស៊ុតមាន់ ជារៀងរាល់ថ្ងៃទៅទីផ្សារប្រទេសសិង្ហបុរី ដែលមានព្រុំប្រទល់ជាប់គ្នា។ កសិករចិញ្ចឹមមាន់ នៅក្នុងរដ្ឋនេះព្រួយបារម្ភថា ការពង្រីកទីក្រុងយ៉ាងឆាប់រហ័សនឹងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ដោយសារអ្នកចិញ្ចឹមមាន់ខ្នាតតូច និងមធ្យមកាន់តែច្រើន ត្រូវចំណាយខ្ពស់លើការអនុលោមតាមបទប្បញ្ញត្តិ និងការផ្លាស់ប្តូរទីតាំងកសិដ្ឋាន។ […]

image_2026-11-05_15-10-09
បុរសជនជាតិជប៉ុនម្នាក់ត្រូវជាប់គុក បន្ទាប់ពីលួចផ្លែទំពាំងបាយជូរជិត១ ០០០ចង្កោម

អូកាយ៉ាម៉ា៖ បុរសគ្មានការងារធ្វើម្នាក់ អាយុ៤២ឆ្នាំ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោមការសង្ស័យថា បានលួចផ្លែទំពាំងបាយជូរជិត១​ ០០០ចង្កោម ពីកសិដ្ឋានផ្ទះកញ្ចក់ជាច្រើនកន្លែងក្នុងខេត្តអូកាយ៉ាម៉ា ភាគខាងត្បូងប្រទេសជប៉ុន។ យោងតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ដែលបានចេញផ្សាយព្រោងព្រាតអំពីករណីចោរកម្មនេះ​ បានឱ្យដឹងថា ផ្លែទំពាំងបាយជួរលួចបានទាំងនេះមានចំនួនពិតប្រាកដ៩៩៥ចង្កោម មានតម្លៃសរុបប្រមាណ៦ ៥០០ដុល្លារ។ បុរសរូបនេះត្រូវតុលាការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ចំនួនពីរករណីស្រដៀងគ្នា ហើយបច្ចុប្បន្នបានចេញពីគុកវិញ ក្រោមលក្ខខណ្ឌបង់ប្រាក់ធានានៅក្រៅឃុំបណ្ដោះអាសន្ន ដែលនគរបាលជប៉ុនកំពុងតាមឃ្លាមើល ព្រោះខ្លាចបុរសនេះលួចអ្វីផ្សេងទៀត។ នគរបាលជប៉ុន ក្នុងខេត្តអូកាយ៉ាម៉ា​ បានឱ្យដឹងថា បុរសរូបនេះរងការចោទប្រកាន់ថ្មីមួយទៀត ពីបទល្មើសដដែល គឺពាក់ព័ន្ធនឹងការលួចផ្លែទំពាំងបាយជូរ ប្រមាណ៦៥០ចង្កោម ដែលមានតម្លៃសរុប៨​ ៧០០ដុល្លារ ពីក្នុងកសិដ្ខានផ្សេងទៀត ស្ថិតនៅក្នុងខេត្តអូកាយ៉ាម៉ា ក្នុងអំឡុងខែកក្កដា និងខែសីហា។ លើសពីនេះ ការស៊ើបអង្កេតរបស់អធិការដ្ឋាននគរបាលជប៉ុន បានរកឃើញករណីលួចស្រដៀងគ្នាចំនួនប្រាំករណីបន្ថែមទៀត ដែលបានកើតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងខេត្តដដែលនេះ។ នគរបាលបានបញ្ជាក់ថា បុរសរូបនេះបានសារភាពចំពោះការចោទប្រកាន់ទាំងនេះ ដោយបាននិយាយថា ខ្លួនបានលក់ផ្លែទំពាំងបាយជូរទាំងអស់នោះ តាមអនឡាញ ដើម្បីយកប្រាក់មកចំណាយលើជីវភាពប្រចាំថ្ងៃ៕ (ផាន់ អាណា)

photo_2026-11-04_20-26-05
កាហ្វេអាយុរង្វង់ពីរឆ្នាំ ដើមនៅខ្ចី ងាយឆេះខ្លោច និងងាប់​ដោយ​កម្ដៅពីបាតុភូតអែលនីញ៉ូ

ដោយ រស្មី ភ្នំពេញ៖ បាតុភូត អែលនីញ៉ូ កម្រិតខ្លាំង កំពុងឈានមកដល់ចុងឆ្នាំ២០២៦នេះហើយ។ ដូច្នេះសមាគមកាហ្វេកម្ពុជា បាន​ក្រើនរំលឹកដល់​ម្ចាស់ចម្ការទើបតែដាំ១ឆ្នាំ ទៅ២ឆ្នាំថា ដើមនៅខ្ចី គឺអាចងាយឆេះខ្លោច និងងាប់បាន។ ដើមកាហ្វេដែលទើបដាំក្នុងរយៈពេល ១–២ ឆ្នាំ គឺងាយរងគ្រោះពីកម្ដៅនៃបាតុភូតអែលនីញ៉ូជាងគេ ព្រោះឫសនៅខ្លី មិនទាន់ចាក់ជ្រៅ ហើយបើគ្មានការត្រៀមខ្លួនទេ ដើមអាចស្រពោនងាប់ ឬលូតលាស់យឺត ធ្វើឲ្យផលិតកម្មកាហ្វេធ្លាក់ចុះ។ សមាគម​កាហ្វេកម្ពុជាបានដាស់តឿនឱ្យកសិករអ្នកដាំកាហ្វេទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតអែលនីញ៉ូ។ អ្នកជំនាញអាកាសធាតុអន្តរជាតិព្យាករហើយថា បាតុភូត អែលនីញ៉ូ កម្រិតខ្លាំងបំផុត អាចឈានដល់កំពូលនៅចុងឆ្នាំ២០២៦ ហើយបន្តឥទ្ធិពលរហូតដល់ឆ្នាំ២០២៧ ហើយ​រដូវប្រាំងខាងមុខនៅកម្ពុជា អាចក្តៅខ្លាំង និងរាំងស្ងួតអូសបន្លាយ​យូរជាងធម្មតា។ សមាគមកាហ្វេកម្ពុជាបានប្រាប់ដល់កសិករត្រូវតែមានវិធានការសំខាន់សម្រាប់បម្រុងទុកមានដូច ពង្រីក និងស្តុកប្រភពទឹកពីស្រះ អណ្តូង អាងស្តុកទឹកជាដើម; រៀបចំ ឬពិនិត្យប្រព័ន្ធស្រោចស្រពតំណក់ទឹក; គ្របដីជុំវិញគល់ដើម ដោយចំបើង ស្លឹកឈើ ឬសំបកកាហ្វេ ដើម្បីរក្សាសំណើមក្នុងដី; និង ផ្តល់សារធាតុចិញ្ចឹមគ្រាប់គ្រាន់ ឲ្យកាហ្វេមានភាពធន់ទ្រាំកំដៅថ្ងៃ ជាដើម។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យ​ដឹងថា បរិមាណផលិតផលកាហ្វេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥កន្លងមក សរុប​ជាង ១៣១៤តោន ហើយទិន្នផលជាមធ្យមក្នុងមួយហិកតារបស់កាហ្វេគឺ២,៥០តោន៕

កាលវិភាគផ្សព្វផ្សាយ