ម៉ាពុយតូ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ប្រទេសម៉ូសំប៊ិក បាននាំចេញផលិតផលកសិកម្ម មានតម្លៃសរុបជាង១០៨លានដុល្លារ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅតែមួយមុខ អាចរកចំណូលបានជិត៨៣លានដុល្លារ។ នេះយោងតាមទិន្នន័យឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល។
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់ម៉ូសំប៊ិក នៅ២០២៦ បានធ្លាក់ចុះពីជិត៧៥ ០០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២៥ មកនៅត្រឹមជាង៧៣ ៤០០តោន ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦នេះ។
ប្រទេសវៀតណាម និងប្រទេសឥណ្ឌា នៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់ម៉ូសំប៊ិក បន្ទាប់មក គឺប្រទេសអាហ្វ្រិកខាងត្បូង។
ចំណែកគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មនាំចេញសំខាន់ទី២ ដោយរកចំណូលបាន១៩លានដុល្លារ ខណៈវៀតណាម និងចិនកំពុងលេចធ្លោជាទីផ្សារអ្នកទិញសំខាន់ជាងគេ។
របាយការណ៍របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល ម៉ូសំប៊ិក ក៏បង្ហាញពីការនាំចេញគ្រាប់ល្ង មានតម្លៃជិត១៧លានដុល្លារ ដែលភាគច្រើននាំចេញទៅប្រទេសចិន ចំណែកសណ្តែកសៀង រកចំណូលបានជាង៥លានដុល្លារ។
ជាមួយគ្នានេះ ការនាំចេញសំឡីកប្បាស បានកើនឡើងជិតទ្វេដង ពី២,៥លានដុល្លារ ដល់៤,២លានដុល្លារ ដោយប្រទេសបង់ក្លាដែស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសស្វីស ជាទីផ្សារគោលដៅ។
ក្នុងខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលម៉ូសំប៊ិកបានអនុម័តច្បាប់ថ្មី សម្រាប់គ្រប់គ្រងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី ដើម្បីអនុវត្តច្បាប់ ស្តីពីស្វាយចន្ទី ឆ្នាំ២០២៣។
យោងតាមរដ្ឋាភិបាលម៉ូសំប៊ិក បានឱ្យដឹងថា ច្បាប់ថ្មីនេះកំណត់វិធានជាក់លាក់សម្រាប់ការដាំដុះ ការផលិត ការសម្ងួត ការវេចខ្ចប់ ការរក្សាទុក ការធ្វើទីផ្សារ ការដឹកជញ្ជូន ការកែច្នៃ ការនាំចេញ និងការនាំចូលគ្រាប់ស្វាយចន្ទី ដោយមានគោលបំណងធ្វើឱ្យក្របខណ្ឌច្បាប់ទាំងមូលរបស់វិស័យនេះ មានភាពស៊ីសង្វាក់ និងទាន់សម័យកាល។
ការពង្រឹងសមត្ថភាពប្រកួតប្រជែងនៃការដាំដុះស្វាយចន្ទី ក៏ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍខ្សែច្រវាក់តម្លៃស្វាយចន្ទី ឆ្នាំ២០២៥–២០៣៤ ដែលមានទំហំទឹកប្រាក់៣៧៤លានដុល្លារ។ កម្មវិធីនេះមានគោលដៅបង្កើនផលិតកម្មស្វាយចន្ទីប្រចាំឆ្នាំឱ្យដល់៦៨៩ ០០០ តោននៅឆ្នាំ២០៣៤៕ (ផាន់ អាណា)







