សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីសម្រេចគោលដៅនាំចេញម្ហូបអាហារកូរ៉េ (K-food) ក្នុងទឹកប្រាក់១៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយកំណត់គោលដៅជាក់លាក់សម្រាប់ទីផ្សារនាំចេញនីមួយៗ។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ការនាំចេញបានឈានដល់៨,២៥ពាន់លានដុល្លារ ក្នុងនោះមីកញ្ចប់តែមួយមុខមានចំណែករហូតដល់១ពាន់លានដុល្លារ។ ក្រសួងបានចាត់ទុកថា ពាក់កណ្តាលឆ្នាំទីពីរ គឺជាឱកាសចុងក្រោយ ដើម្បីកំណត់ថា តើគោលដៅនាំចេញប្រចាំឆ្នាំនេះអាចសម្រេចបានឬអត់។
យុទ្ធសាស្ត្រគ្រោងទុកនេះ រាប់បញ្ចូលចាប់តាំងពីការពង្រីកការនាំចេញ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្រៅប្រទេស រហូតផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននាំចេញរបស់កូរ៉េ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ នៅក្នុងទីផ្សារនាំចេញ។
ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការនាំចេញម្ហូបអាហាររវាងរដ្ឋ និងវិស័យឯកជន នាទីក្រុងសេអ៊ូល ដែលមានការចូលរួមពីមន្ត្រីសំខាន់ៗ មកពីក្រសួង៨ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនឹងវិស័យកសិកម្ម ការនាំចេញផលិតផលស្រស់ និងការលើកកម្ពស់វិស័យទេសចរណ៍។
បច្ចុប្បន្នភាពនៃវិធានការនាំចេញ ត្រូវបានកែសម្រួលឱ្យសមស្របទៅតាមតំបន់នីមួយៗ ដូចជា នៅក្នុងសហរដ្ឋអាម៉េរិក ត្រូវពង្រីកពីហាងបែបអាស៊ី ទៅផ្សារទំនើបធំៗ ព្រោះសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញផលិតផលអាហាររបស់កូរ៉េ នឹងផ្តោតលើការពង្រីកពីហាងបម្រើសហគមន៍ប្រជាជនអាស៊ី ទៅជាផ្សារទំនើបធំៗ សម្រាប់គ្រប់ជាតិសាសន៍។
អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ផលិតផល៦៧ប្រភេទ ដែលផលិតដោយក្រុមហ៊ុន២៥ នឹងត្រូវដាក់តាំងលក់នៅតាមសាខាហាងលក់រាយ ឈ្មោះ ខូស្ក (Costco) នៅសហរដ្ឋអាម៉េរិក ឱ្យបានមុនដំណាច់ឆ្នាំ២០២៦នេះ។
ចំណែកនៅប្រទេសចិនវិញ ដែលជាទីផ្សារធំទីពីរ សម្រាប់ការនាំចេញផលិតផលម្ហូបអាហាររបស់កូរ៉េ រដ្ឋាភិបាលកូរ៉េ បានចង្អុលបង្ហាញពីនិន្នាការមនុស្សព្យាយាមថែរក្សាសុខភាព ដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន។
ការលក់រាយអនឡាញ ត្រូវបានកំណត់ជាវេទិកាសំខាន់ៗសម្រាប់លក់ម្ហូបអាហារកូរ៉េប្រភេទមីកញ្ចប់ និងផលិតផលបំប៉នសុខភាពនៅក្នុងប្រទេសចិន។
រីឯតំបន់នៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលក់រាយរបស់ជាជនជាតិកូរ៉េ ដូចជា ខេម៉ាត (K-Market) ដែលមានទីស្នាក់ការធំ នៅវៀតណាម បានក្លាយជាដៃគូសំខាន់ ដោយចែករំលែកមជ្ឈមណ្ឌលភស្តុភាររបស់ខ្លួននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ សហការជាមួយក្រុមហ៊ុននាំចេញរបស់កូរ៉េ ដើម្បីសម្រួលដល់ការចែកចាយទំនិញនាំចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសជិតខាង៕ (ផាន់ អាណា)













