ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ដើមខែកញ្ញា ឆ្នាំ២០២៦នេះ តម្លៃស្រូវនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ដូចជា ខេត្តស្វាយរៀង ព្រៃវែង និងខេត្តតាកែវ រោងម៉ាស៊ីនមួយចំនួននៅបន្តប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃមិនថោកពេក ឬថ្លៃពេកនោះទេ បើធៀបនឹងតម្លៃឆ្នាំមុន។
លោកឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបញ្ជាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា តម្លៃស្រូវក្នុងឆ្នាំ២០២៦នេះ នៅរក្សាបានស្ថេរភាពល្អ ក្នុងនោះខេត្តព្រៃវែងកសិករផលិតស្រូវភាគច្រើន ប្រភេទ OM5451 ហើយរោងម៉ាស៊ីនលោកបានទិញស្រូវក្នុងមួយថ្ងៃចន្លោះពី៦០០ ទៅ៧០០តោន តម្លៃចន្លោះពី៨៨០រៀល ទៅ៨៩០រៀលក្នុង១ គីឡូក្រាមថ្លៃដឹកមកដល់រោងម៉ាស៊ីន ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០២៦នេះ ខេត្តព្រៃវែងមានតម្លៃល្អបន្តិច បើធៀបទៅនិងឆ្នាំ២០២៥ មានតម្លៃចន្លោះ៨៥០ទៅ៩០០រៀល ដែលមិនខុសត្រូវគ្នាឆ្ងាយប៉ុន្មាននោះទេ នៅរយៈពេល២សប្តាហ៍នេះ តម្លៃមិនធ្លាក់ខ្លាំង តាមតម្លៃស្រូវនៅប្រទេសវៀតណាមនោះដែរ។
សូមជម្រាបថា តម្លៃស្រូវសើមដែលកសិករបានលក់នៅតាមវាលស្រែ តាមស្រុកនៃ ខេត្តមួយចំនួនគិតត្រឹម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦បង្ហាញថា ខេត្តព្រៃវែង មានតម្លៃស្រូវ OM5451 ចន្លោះពី៨២០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម,ស្រុកកំពង់រោរ៍ខេត្តស្វាយរៀងតម្លៃ ៨៦០ទៅ៨៨០រៀល ក្នុង១គីឡូក្រាម និងខេត្តតាកែវស្រូវOM5451និងស្រូវអ៊ីអ៊ែតម្លៃចន្លោះ៨៧០ ទៅ៨៩០រៀលក្នុង ១គីឡូក្រាម ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា ដោយសារតែរដូវច្រូតកាត់ចុងខែសីហានេះ មានច្រើន ដូច្នោះតម្លៃស្រូវដែលកសិករលក់អាចចុះក្នុងរង្វង់៥០ រៀលក្នុង១គីឡូក្រាម ទៅតាមប្រភេទស្រូវនីមួយៗ ជាពិសេសស្រូវ OM5451តាមរោងម៉ាស៊ីនទិញតម្លៃ៨៧០ ទៅ៨៨០រៀនិងស្រូវស្រងែវិញ តម្លៃ៩៦០ ទៅ១ ០០០រៀលក្នុងមួយគីឡូក្រាម។
សម្រាប់ស្រូវសែនក្រអូនមកដល់រោងម៉ាស៊ីន តម្លៃ ១០០០ទៅ១០៣០ រៀល ក្នុង១គីឡូក្រាម ហើយថ្លៃដឹកជញ្ជូននៅពេលដែលឈ្មួញដើរប្រមូលមកលក់ដល់រោងម៉ាស៊ីនតម្លៃខុសគ្នាពីវាល ចន្លោះ ៤០រៀលទៅ ៨០រៀលទៅតាមតំបន់និងទីតាំងរោងម៉ាស៊ីនកិនស្រូវ។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានិងខែកញ្ញាឆ្នាំ២០២៦នេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ។
ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈដែលនៅចុងខែសីហា ឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជាស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវ OM 5451 បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៦ ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះទេ ហើយខាងរដ្ឋាភិបាលក៏បានត្រៀមហិរញ្ញប្បទានដើម្បីទប់នូវស្ថេរភាពថ្លៃ បើសិនករណីធ្លាក់ចុះខ្លាំង៕







