ដោយ នៅ ស៊ីវុត្ថា
កំពង់ធំ៖ ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនគ្រោងនឹងដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទី និងកែច្នៃកាកសំណល់សំបកគ្រាប់ស្វាយចន្ទី ដែលនៅសេសសល់ឱ្យទៅជាប្រេងឥន្ធនៈ នៅក្នុងខេត្តកំពង់ធំ នាចុងឆ្នាំ២០២៦នេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB TV នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ការដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីនេះ គឺជាគម្រោងទី២ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីរោងចក្រខ្នាតមធ្យមមួយវិនិយោគដោយក្រុមហ៊ុនចិន ដែលកំពុងដំឡើង ប៉ុន្តែមិនទាន់ដាក់ឱ្យដំណើរការនៅឡើយទេ។
លោកសង្កត់ធ្ងន់ថា រោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទីនេះនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មីរ៉ាត (Mirarth) ដែលជាក្រុមហ៊ុនជប៉ុនដូចគ្នា។
លោកបានបន្ថែមថា ប្រសិនបើការសាកល្បងទទួលបានជោគជ័យ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការប្រមូលទុនវិនិយោគបន្ថែម និងការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា។ ទោះជាយ៉ាងណា លោកក៏បានសម្តែងក្តីបារម្ភខ្លះៗចំពោះបរិមាណសំបកស្វាយចន្ទី ដែលអាចនឹងប្រមូលបានតិចតួច មិនគ្រប់គ្រាន់សម្រាប់ការកែច្នៃ។
ទាក់ទិននឹងគម្រោងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អួន ស៊ីឡុត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាហ្សូអូ អូកាម៉ូរ៉ា (Kazuo Okamura) តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនសម្រាប់ប្រេង និងថាមពលប្រកបដោយចីរភាព (Japan Cooperation Center for Petroleum and Sustainable Energy – JCCP) រួមជាមួយតំណាងក្រុមហ៊ុនជប៉ុន ថប់ ផ្លែននីង (Top Planning Japan Co., Ltd.) បានលើកឡើងថា គម្រោងនេះរំពឹងថា នឹងបង្ហាញពីប្រសិទ្ធភាពបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃលើឱកាសធ្វើកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយសមាគម និងឧស្សាហកម្មកែច្នៃញគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏មានសារៈសំខាន់ខ្លាំងចំពោះសន្តិសុខថាមពលរបស់កម្ពុជាផងដែរ។
លោកបណ្ឌិតបានបញ្ជាក់ថា ប្រេងសំបកគ្រាប់ស្វាយចន្ទី អាចយកទៅលាយជាមួយប្រេងម៉ាស៊ូត ក្នុងសមាមាត្រប្រេងសំបកស្វាយចន្ទី៨០ភាគរយ និងប្រេងម៉ាស៊ូត២០ភាគរយ ដើម្បីប្រើប្រាស់ជាប្រេងឥន្ធនៈជំនួស។ ការអនុវត្តបែបនេះ នឹងជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការនាំចូលផលិតផលប្រេងកាត ប្រសិនបើបច្ចេកវិទ្យានេះបង្ហាញពីលទ្ធភាពជោគជ័យផ្នែកពាណិជ្ជកម្ម និងបច្ចេកទេស៕













