វៀតណាមចំណាយ៨០០លានដុល្លារ លើការនាំចូលស្រូវក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦

image_2026-08-20_10-07-53

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ វៀតណាមរកចំណូលបានជិត២៥៣លានដុល្លារ ពីការនាំចេញអង្ករ។ ចំណែកក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ចំណូលពីការនាំចេញអង្ករបានកើនដល់ជិត២,៦៤ពាន់លានដុល្លារ ប៉ុន្តែបានថយចុះ៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

បច្ចុប្បន្ន វៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករឈានមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនក្នុងស្រុករបស់វៀតណាមនៅតែបន្តនាំចូលស្រូវ ដែលមានតម្លៃរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។

គ្រាន់ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនវៀតណាមបានចំណាយប្រាក់ជិត១០៨លានដុល្លារ ដើម្បីនាំចូលស្រូវប្រភេទផ្សេងៗ ដែលនេះជាតួលេខប្រចាំខែខ្ពស់បំផុតទីបី ក្នុងចំណោម៧ខែដំបូងនៃឆ្នាំ២០២៦នេះ បន្ទាប់ពីខែមីនា នាំចូលជិត២៦៨លានដុល្លារ និងខែមេសា នាំចូលជិត១៦០លានដុល្លារ។

សរុបការនាំចូលស្រូវក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ មានតម្លៃជាទឹកប្រាក់ចំនួន៨០០លានដុល្លារ ដោយថយចុះ២៥,២ភាគរយ ពី១,០៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនផលិត និងនាំចេញអង្ករ បាននិយាយថា ការនាំចូលស្រូវនេះ មិនមែនបណ្តាលមកពីការខ្វះការផ្គត់ផ្គង់ស្រូវក្នុងស្រុកទេ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញស្រូវជិត៥,៥លានតោន។

ឈ្មួញរូបនេះបានពន្យល់ថា ក្រុមហ៊ុននាំចូលស្រូវជាចម្បងសម្រាប់ការកែច្នៃជាអាហារនៅក្នុងស្រុក និងរក្សាការផ្គត់ផ្គង់សម្រាប់បំពេញការបញ្ជាទិញសម្រាប់នាំចេញ ក្នុងអំឡុងពេលចន្លោះរដូវប្រមូលផល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ផលិតកម្មអង្កររបស់វៀតណាមកាន់តែផ្លាស់ប្តូរទៅរក ផ្នែកទីផ្សារ ដែលមានគុណភាពខ្ពស់ជាងមុន ដោយអង្ករក្រអូបមានចំណែកសំខាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនាំចេញ ដែលមានស្តង់ដារ និងតម្រូវការខ្ពស់ជាងមុន។

ទន្ទឹមនឹងនេះដែរ អ្នកផលិតស្រូវក្នុងប្រទេសវៀតណាម ដែលផលិតជាសរសៃគុយទាវ និងផលិតផលកែច្នៃពីអង្ករផ្សេងទៀត តែងតែត្រូវការប្រភេទអង្ករទន់ និងតម្លៃទាបជាងអង្ករក្នុងស្រុក។ ដូច្នេះ ក្រុមហ៊ុនត្រូវស្វែងរក និងនាំចូលស្រូវពីប្រទេសផ្សេងៗ ដែលអាចផលិតអង្ករមានលក្ខណៈសមស្របតាមតម្រូវការក្នុងស្រុក។

ការណ៍ដែលវៀតណាមជាអ្នកនាំចេញអង្ករក្នុងបរិមាណធំ ខណៈពេលស្របគ្នានេះដែរ ក៏ត្រូវនាំចូលស្រូវយ៉ាងច្រើនផងដែរ សម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ ដើម្បីបំពេញការបញ្ជាទិញក្នុងបរិមាណធំ និងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់រោងចក្រកែច្នៃ ព្រមទាំងរក្សាភាពប្រកួតប្រជែងរបស់អង្ករវៀតណាមនៅតាមទីផ្សារពិភពលោក។

ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងកាលពីពេលថ្មីកន្លងមកនេះថា គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗ មកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។

ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។

ក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានរាយការណ៍ថា ផ្ទៃដីដាំដុះស្រូវប្រាំងសរុបនៅទូទាំងប្រទេស ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៧,០៩លានហិកតា នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះជាង៣៦ ០០០ហិកតា បើធៀបនឹងឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវជាមធ្យមមានចំនួន៦,១៤តោន ក្នុងមួយហិកតា ដូច្នេះទិន្នផលសរុបអាចដល់៤៣,៥៥លានតោន ដែលកើនឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលនយោបាយការកាត់បន្ថយទំហំផ្ទៃដីដាំដុះ ប៉ុន្តែបង្កើនទិន្នផលស្រូវកាន់តែខ្ពស់។

តាមរយៈការព្យាករណ៍ពីការប្រែប្រួលទីផ្សារជាបន្តបន្ទាប់នៅឆ្នាំ២០២៦នេះ រចនាសម្ព័ន្ធនាំចេញអង្កររបស់វៀតណាមត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរបន្ថែមទៀត ដោយងាកទៅរកប្រភេទអង្ករប្រណីតមានគុណភាពខ្ពស់ និងអង្ករក្រអូបវិញ ដែលមានតម្លៃនៅលើទីផ្សារអន្តរជាតិ។

ការនាំចេញអង្ករមានគុណភាពខ្ពស់ និងអង្ករក្រអូប ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ៥,៨លានតោន ដែលស្មើនឹងប្រមាណ៧៥ភាគរយ នៃបរិមាណនាំចេញសរុបរបស់វៀតណាម។

ជំនួសឱ្យការប្រកួតប្រជែងដោយផ្ទាល់នៅក្នុងប្រភេទអង្ករសមានតម្លៃទាប ដែលជាធម្មតាមានតម្លៃពី៣០០ ទៅ៣៥០ដុល្លារ ក្នុងមួយតោន ប្រទេសវៀតណាមកំពុងចូលរួមក្នុងការនាំចេញប្រភេទអង្ករក្រអូប និងអង្ករប្រណីត ដែលមានតម្លៃកាន់តែខ្ពស់៕ (ផាន់ អាណា)


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ