ដោយ នៅ ស៊ីវុត្ថា
ត្បូងឃ្មុំ៖ កសិដ្ឋានដាំត្រសក់ផ្អែម និងបន្លែក្នុងផ្ទះសំណាញ់មួយកន្លែង នៅខេត្តត្បូងឃ្មុំ គ្រោងពង្រីកផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នង ដើម្បីបង្កើនការផលិត និងឆ្លើយតបចំពោះតម្រូវការអតិថិជននៅក្នុងប្រទេស ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន និងនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។
លោក លីម ផេង ម្ចាស់កសិដ្ឋាន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អញ្ជើញពិនិត្យមើលកសិដ្ឋាន របស់គាត់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
លោកបានឱ្យដឹងថា កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២២ បន្ទាប់ពីបានសិក្សាបច្ចេកទេសដាំដុះពីបរទេស និងយកមកអនុវត្តតាមបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន កសិដ្ឋានមានផ្ទះសំណាញ់របស់លោកមានចំនួន១២ខ្នង ដាំដុះដំណាំប្រភេទដូចជាត្រសក់ផ្អែម ប៉េងប៉ោះឈើរី ស្ពៃ ត្រកួន និងម្ទេស ដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្ត និងផ្សារទំនើបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ដោយសារតម្រូវការទីផ្សារបន្តកើនឡើង កសិដ្ឋានគ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នងទៀត ដើម្បីបង្កើនសមត្ថភាពផលិត និងធានាការផ្គត់ផ្គង់ជូនអតិថិជនឱ្យបានគ្រប់គ្រាន់។
ក្នុងឱកាសនេះ ឯកឧត្តម វង សូត បានកោតសរសើរចំពោះការវិនិយោគលើការដាំដុះតាមបច្ចេកវិទ្យាទំនើប ដែលជួយកាត់បន្ថយហានិភ័យ បង្កើនគុណភាព និងសុវត្ថិភាពកសិផល ព្រមទាំងមានគោលដៅទីផ្សារច្បាស់លាស់។
ឯកឧត្តមក៏បានគាំទ្រផែនការពង្រីកកសិដ្ឋាន និងលើកទឹកចិត្តឱ្យលោក លីម ផេង បន្តចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់កសិករ និងយុវជន ដើម្បីជំរុញការធ្វើកសិកម្មតាមស្តង់ដារ និងបង្កើនតម្លៃបន្ថែមដល់ផលិតកម្មកសិកម្មនៅកម្ពុជា។
ឯកឧត្តមអនុប្រធានទី២ រដ្ឋសភាបានគូសបញ្ជាក់ថា ការធ្វើកសិកម្មឱ្យទទួលបានជោគជ័យ គឺត្រូវ «កំណត់ទីផ្សារឱ្យបានច្បាស់លាស់ មុនដាំ» ដើម្បីធានាបាននូវប្រាក់ចំណូល និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។
ជាការឆ្លើយតប លោក លីម ផេង បានថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត និងគណៈប្រតិភូ ដែលបានអញ្ជើញពិនិត្យមើលកសិដ្ឋាន ព្រមទាំងលើកទឹកចិត្ត និងផ្តល់អនុសាសន៍ណែនាំដ៏មានតម្លៃ ដើម្បីជំរុញការអភិវឌ្ឍការដាំដុះបន្លែ និងដំណាំក្នុងផ្ទះសំណាញ់ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត៕












