ដោយ អៀវ ឈាងនី
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និងឯកឧត្ដម ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត និងខ្សែច្រវាក់ផលិតកម្មកែច្នៃចំណីសត្វ របស់ក្រុមហ៊ុន PP Agrotech Co,.Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បច្ចុប្បន្ន ក្រុមហ៊ុន PP Agrotech Co,.Ltd កំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២៣ម៉ឺនក្បាល ដែលអាចផ្ដល់ស៊ុតប្រមាណជាង២១ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។ ទន្ទឹមនេះដែរ ក្រុមហ៊ុនក៏មានការកែច្នៃចំណីមាន់ផ្សំពីវត្ថុធាតុដើមក្នុងស្រុក ដែលអាចផលិតចំណីបានប្រមាណ១៦០ តោនក្នុងមួយថ្ងៃ និងអាចបង្កើនការផលិតបន្ថែមទៀត តាមតម្រូវការអតិថិជន។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងពង្រីកផលិតកម្មទៅខេត្តផ្សេងៗទៀត និងផ្តល់គំរូអាជីវកម្មដល់កសិករ ដែលមានចំណាប់អារម្មណ៍ចិញ្ចឹមមាន់យកស៊ុតផងដែរ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានថ្លែងកោតសរសើរអំពីបច្ចេកទេសទំនើប និងការអភិវឌ្ឍសមត្ថភាពរីកចម្រើនបានឆាប់រហ័សរបស់ក្រុមហ៊ុន ដែលអាចផ្ដល់ឱកាសការងារ និងជំនាញដល់យុវជន ព្រមទាំងជំរុញផលិតកម្មក្នុងស្រុកឱ្យកាន់ប្រសើរ និងកាត់បន្ថយការនាំចូល៕








