វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។
សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។
ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។
លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។
លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ ដោយផ្អែកលើអ្វី ដែលយើងកំពុងមើលឃើញគំរូក្នុងការសង្កេតអំពីការប្រែប្រួលក្នុងមហាសមុទ្រ។”
លោកបានមានប្រសាសន៍ថា នោះមិនចាំបាច់បញ្ជាក់អំពីផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នាលើប្រទេសនូវែលសេឡង់នោះទេ ប៉ុន្តែអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលយ៉ាងចម្លែក។ នៅពេលមានបាតុភូត ដែលគេអាចហៅថា មហាអែលនីញ៉ (Super El Nino) បង្កផលប៉ះពាល់ខ្លាំងជាងមុន ឬបង្កផលប៉ះពាល់ខ្លាំងបំផុត។”
លោកបានមានប្រសាសន៍ទៀតថា ក៏មានកត្តាអាកាសធាតុផ្សេងទៀត ដែលបង្កផលប៉ះពាល់ដល់អាកាសធាតុរបស់ប្រទេសនូវែលសេឡង់ផងដែរ ប៉ុន្តែ បាតុភូតអែលនីញ៉ូ ពេលនេះកំពុងតែសំដៅមកចំប្រទេសនូវែលសេឡង់។ វាកំពុងធ្វើឱ្យស្ថានភាពស្ងួតហួតហែង ហើយរដូវរងារបែរជាមានខ្យល់បក់ខ្លាំងនៅតាមបណ្តាកោះខាងជើង និងតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃកោះខាងត្បូង។ ផ្ទុយទៅវិញ បាតុភូតបែបនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាសម្រាប់តំបន់ភាគខាងត្បូង និងភាគកណ្តាលនៃឆ្នេរខាងលិច។
ទោះបីជាមានការព្យាករណ៍រយៈពេលវែងក៏ដោយ ផ្នែកខ្លះនៃកោះខាងត្បូងនឹងត្រូវប្រឈមនឹងព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍ក្រោយ ដែលអាចជួយកាត់បន្ថយសីតុណ្ហភាពក្តៅស្ងួត។
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជក់ថា ចំណែករលកកម្ដៅ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអឌ្ឍគោលខាងជើង ក៏ជាប់ពាក់ព័ន្ធនឹងបាតុភូតអែលនីញ៉ូនេះដែរ ហើយសីតុណ្ហភាពនៅមហាសមុទ្រប៉ាស៊ីហ្វិកក៏ក្តៅជាងមុនដែរ។
លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍យ៉ាងច្បាស់ថា “យើងមានកម្ដៅពីមហាសមុទ្រ យើងមានកម្ដៅ ក្នុងបរិយាកាស ហើយកម្ដៅទាំងអស់នោះត្រូវសាយភាយពាសពេញពិភពលោក។”
បាតុភូតអែលនីញ៉ូនេះ កំពុងតែធ្វើឱ្យសីតុណ្ហភាពឡើងខ្ពស់ គួបផ្សំនឹងការប្រែប្រួលអាកាសធាតុ វានឹងធ្វើឱ្យពេលថ្ងៃក្តៅស្រាប់ទៅហើយ កាន់តែក្តៅបំផុត។ ចំណែកប្រទេសនូវែលសេឡង់ក៏អាចមានថ្ងៃក្តៅបំផុតខុសពីធម្មតាផងដែរ។ ការប្រប្រួលអាកាសធាតុនេះប្រហែលធ្វើសីតុណ្ហភាពឡើងកម្ដៅរហូតដល់៤០ ឬ៤៤អង្សាសេ ដែលជាសីតុណ្ហភាពក្តៅបំផុតនៅនូវែលសេឡង់៕ (ផាន់ អាណា)












