ដោយ អៀវ ឈាងនី
ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។
ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” ដែល៦៣ភាគរយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ភពផែនដី។
អែលនីញ៉ូ គឺជាភាសាអេស្ប៉ាញ មានន័យថា “ក្មេងប្រុសតូច” ឬ “កូនព្រះគ្រីស្ទ”។ ឈ្មោះនេះត្រូវអ្នកនេសាទជនជាតិប៉េរូ បង្កើតដំបូង នៅទសវត្សឆ្នាំ១ ៦០០ ដោយសារតែពួកគេបានកត់សម្គាល់ឃើញចរន្តទឹកក្តៅក្នុងមហាសមុទ្រ ដែលជាធម្មតាតែងតែហូរមកដល់នៅក្នុងរង្វង់វេលាបុណ្យណូអែល។
ចំណែកខាងវិទ្យាសាស្ត្រ គឺសំដៅទៅលើទម្រង់អាកាសធាតុ ដែលកើតឡើងដោយធម្មជាតិ និងកំណត់បានដោយការឡើងកម្តៅខុសប្រក្រតីនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់សហរដ្ឋអាម៉េរិក បានចេញផ្សាយថា បាតុភូតអែលនីញ៉ូ នឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុសកលយ៉ាងខ្លាំង ហើយប្រហែលជានៅឆ្នាំ២០២៧ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក។
ចំណែកផលប៉ះពាល់របស់បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុក្តៅខ្លាំង កើតជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ព្រមទាំងមានរលកកម្តៅប្រែប្រួលនៅតាមតំបន់។
ក្នុងរដូវរងាលើទឹកដីអាម៉េរិកនៅភាគខាងជើង អាចជួបប្រទះអាកាសធាតុក្តៅជាងមុន ចំណែកនៅលើទឹកដីភាគខាងត្បូងអាចមានអាកាសធាតុសើមជាងមុនផងដែរ ព្រមទាំងកើតមានខ្យល់ព្យុះប៉ាស៊ីហ្វិកថែមទៀត។ ឧបទ្ទហេតុបែបនេះ ក៏នឹងបង្កើនហានិភ័យនៃរលកកម្តៅក្នុងសមុទ្រ ហើយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដោយសារការរំខានក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រោះមហន្តរាយ។
រដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បាននិយាយថា នេះអាចជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់បាតុភូតអែលនីញ៉ូ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានមានតាំងពីឆ្នាំ១៩៥០។
ទម្រង់អាកាសធាតុបែបនេះនឹងធ្វើឱ្យអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៧ អាចក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដី។
យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បានឱ្យដឹងថា បាតុភូអែលនីញ៉ូ បានចាប់ផ្តើមកើតឡើងយ៉ាងច្បាស់ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធិពលខ្លាំងឡើង ឬជាមហាអែលនីញ៉ូ ដោយធ្វើឱ្យទម្រង់អាកាសធាតុសកលប្រែប្រួលយ៉ាងឆាប់រហ័ស និងធ្វើឱ្យអាកាសធាតុក្តៅកាន់តែខ្លាំង។
បាតុភូតអែលនីញ៉ូ គឺជាទម្រង់អាកាសធាតុតាមកាលកំណត់ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិច ដែលផ្លាស់ប្តូរខ្យល់ និងធ្វើឱ្យទឹកសមុទ្រឡើងកម្តៅខុសពីធម្មតា នៅភាគកណ្តាល និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។ ការផ្លាស់ប្តូរទាំងនៅក្នុងខ្យល់ និងសីតុណ្ហភាពមហាសមុទ្របែបនេះ បានជះឥទ្ធិពលដល់ទម្រង់អាកាសធាតុនៅទូទាំងពិភពលោក៕












