បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។)
ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។
លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ ហើយនេះជាជំហានដំបូងដ៏មានសារៈសំខាន់ ក្នុងការបើកផ្លូវឱ្យកាហ្វេខ្មែរ ដែលមានអត្តសញ្ញាណច្បាស់លាស់ “ដាំដោយខ្មែរ កែច្នៃដោយខ្មែរ និងរសជាតិខ្មែរពិតៗ” មានឱកាសបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាម៉េរិក។ កិច្ចសហការជាមួយដៃគូ ដែលមានបទពិសោធន៍ខ្ពស់ នឹងជួយជំរុញឱ្យសង្វាក់ផលិតកម្មកាហ្វេខ្មែរកាន់តែមានស្តង់ដារ និងរីកចម្រើនប្រកបដោយនិរន្តរភាព។
ជាលទ្ធផលបឋម ភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើតភាពជាដៃគូ ដោយឯកភាពបន្តការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស គំរូផលិតផល និងរៀបចំឯកសារគតិយុត្តិ ដើម្បីធានាឱ្យបាននូវការនាំចូលប្រកបដោយជោគជ័យ និងភាពរលូននាពេលខាងមុខ។
សូមចូលរួមគាំទ្រកាហ្វេខ្មែរ នៅលើឆាកអន្តរជាតិទាំងអស់គ្នា! ចក្ខុវិស័យរបស់យើង គឺការនាំយកកាហ្វេ និងរសជាតិពិតៗនៃកាហ្វេមណ្ឌលគិរី ទៅកាន់ពិភពលោក៕








