ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរករលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

Oplus_16908288

ដោយ ផាន់ អាណា

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស និងភាពសប្បាយរីករាយ។ ប៉ុន្តែ ភាពសប្បាយរីករាយនៃការលេងកីឡារបស់ប្អូនៗយុវជន សូមកុំភ្លេចការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងឲ្យក្លាយជាពលរដ្ឋល្អ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំទៀតថា កីឡា គឺជាល្បែងប្រជាប្រិយ ជាការរៀនសូត្រ ជាពិសេសបង្រៀនប្អូនៗយុវជនអាចពង្រឹងកាយសម្បទា ឱ្យមានសុខភាពល្អ និងមានស្មារតីរឹងមាំ ព្រមទាំងចេះអត់ធ្មត់ និងចេះគិតដោះស្រាយបញ្ហាបានលឿន ដោយមិនយកកំហឹងមកដោះស្រាយបញ្ហាឡើយ។ លើសពីនេះ កីឡាធ្វើឱ្យយុវជនចេះធ្វើការជាក្រុម ចេះគោរពវិន័យ ចេះបង្កើតសាមគ្គីភាព និងបង្កើតមិត្តភាព។ ជាពិសេសជ័យជម្នះក្នុងការប្រកួតពេលនេះ គឺជាជ័យជម្នះរបស់ស្រុកខ្សាច់កណ្តាលទាំងមូល។

ការប្រកួតព្រឹកនេះ បានចាប់ផ្តើមរវាងក្រុមកីឡាករមកពីឃុំពុកឫស្សី និងក្រុមកីឡាករមកពីឃុំវិហារសួគ៌ នៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១០ និង៣០នាទី ក្រោមបរិយាកាសសប្បាយរីករាយ សើចហ៊ោរបស់អ្នកទស្សនា ដែលធ្វើឱ្យកីឡាករទាំងសងខាងប្រកួតគ្នាយ៉ាងស្វិតស្វាញ។

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានបូកសរុបលទ្ធផលប្រកួតជូនគណៈអធិបតីថា នេះគឺជាការប្រកួតកីឡាបាល់ទាត់មហាជន លើកទី៧ របស់ស្រុកខ្សាច់កណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។

លោកបានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ឆ្នាំ២០២៦នេះ មាន១២ក្រុម ដោយប្រកួតជ្រើសរើសយកលេខ១ និងលេខ២ បន្ទាប់ពីលេខ៣ និងលេខ៤ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ លទ្ធផលការប្រកួតកីឡាករឃុំពុកឫស្សីយកឈ្មះក្រុមកីឡាឃុំវិហាសួគ៌ ៣ទល់នឹង២។

ចំណែកក្រុមកីឡាមកពីឃុំសន្លុងយកឈ្នះក្រុមកីឡាមកពីឃុំស៊ីធរ ៤ទល់នឹង៣។ ជ័យលាភីលេខ១ បានទៅក្រុមយុវជនឃុំពុកឫស្សី មេដៃមាស២៥គ្រឿង ថវិកាចំនួន៦លានរៀល។ ជ័យលាភីលេខ២ បានទៅក្រុមយុវជនឃុំវិហារសួគ៌ មេដៃប្រាក់២៥គ្រឿង ថវិកាចំនួន៤លានរៀល។ ជ័យលាភីលេខ៣ បានទៅក្រុមយុវជនឃុំស៊ីធរ មេដៃសំរឹទ្ធ២៥គ្រឿង ថវិកាចំនួន៣លានរៀល និងជ័យលាភីលេខ៤ បានទៅក្រុមយុវជនឃុំសន្លុង ដោយទទួលបានថវិកាលើកទឹកចិត្ត ចំនួន១លានរៀល។

សូមរំឭកថា ពិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕


wildfire-burning-dry-grass-in-rural-landscape-2026-09-22-11-06-35-utc
ឥណ្ឌូណេស៊ីដកហូតសិទ្ធិគ្រប់គ្រងដីសម្បទានពីក្រុមហ៊ុន ដែលដុតព្រៃទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់

ហ្សាការតា៖ ក្រសួងកិច្ចការដីធ្លី និងនគរូបនីយកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានដកហូតសិទ្ធិប្រើប្រាស់ដីធ្លី របស់ក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់១១ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងករណីដុតព្រៃ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ ក្រុមហ៊ុនត្រូវបានដកហូតសិទ្ធិប្រើប្រាស់ដីទាំងនេះ ដោយផ្អែកលើការពិនិត្យរបស់ក្រសួង និងអនុសាសន៍របស់នាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិ ក្រោយពីរកឃើញបទល្មើសដុតបំផ្លាញព្រៃឈើ ដើម្បីវាទយកដីដោយខុសច្បាប់។ រដ្ឋមន្ត្រីក្រសួងកិច្ចការដីធ្លី លោក នូស្រុន វ៉ាហ៊ីដ (Nusron Wahid) បានប្រកាសកាលពីដើមសប្តាហ៍នេះថាប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិ បានសុំឱ្យដកហូតសិទ្ធិប្រើប្រាស់ដីដាំដុះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនេះ កំពុងគ្រប់គ្រងលើដីសម្បទានមានទំហំសរុបជា១ ៣០០ហិកតា ហើយតំបន់ទាំងនោះធ្លាប់រងគ្រោះដោយសារភ្លើងឆេះព្រៃឈើ និងដីធ្លីជាញឹកញាប់​ ជាពិសេសពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃក្នុងទ្រង់ទ្រាយធំ ពេលមានរលកកម្ដៅ បង្កឡើងដោយបាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦នេះ។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងនឹងមិនចេញសិទ្ធិសម្បទានដីឱ្យក្រុមហ៊ុនទាំងនេះទៀតឡើយ ហើយអាជ្ញាធរនឹងបន្តតាមដានសកម្មភាពរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីកុំឱ្យលួចដុតព្រៃទៀត។ កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិឥណ្ឌូណេស៊ី បានសុំឱ្យរដ្ឋាភិបាលដកហូតអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនចំនួន២៣ ដែលជាប់សង្ស័យថា មានការទទួលខុសត្រូវចំពោះករណីភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលបានរកឃើញថា ភ្លើងបានឆាបឆេះព្រៃម្តងហើយម្តងទៀត នៅក្នុងព្រំប្រទល់ដីសម្បទានរបស់ក្រុមហ៊ុនទាំងនេះ។ ទិន្នន័យរបស់នគរបាលឥណ្ឌូណេស៊ី បានបង្ហាញថា មានរបាយការណ៍ផ្លូវការចំនួន១០៤ករណី ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសម្បទាន ដែលធ្វើឱ្យឆេះព្រៃអស់ទំហំសរុបជាង២៩ ០០០ហិកតា៕ (ផាន់ អាណា)

Screenshot 2026-11-12 142915
សហគមន៍ផលិតស្រូវពូជស្នើសុំឥណទាន​១២ម៉ឺនដុល្លារ ដើម្បីទិញស្រូវមកផលិត​ស្រូវពូជ​​៨០០តោន​​​

ភ្នំពេញ៖ សហគមន៍កសិកម្ម​ទំនើបខេមស៊ីដ​មានផែនការពង្រីក​ផលិតកម្មស្រូវពូជសែនក្រអូប ០១ ស្រូវ​ស្រង៉ែ និងស្រូវផ្ការក្រវ៉ាន់​​ដែលជាពូជ​មិនប្រាកន់រដូវ ចាប់ពីខែធ្នូ​ ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ​២០២៧ខាងមុន​នេះ​ឱ្យបាន​៨០០តោន​ សម្រាប់ផ្គត់ផ្គង់​ជូនកសិករ​។​ ដើម្បីអនុវត្តផែនការនេះ ​សហគមន៍ត្រូវការ​ស្នើសុំអន្តរាគមន៍​ពីរាជរដ្ឋាភិបាល​នូវឥណទាន​ចំនួន​១២ម៉ឺនដុល្លារ ដែលមានអត្រាការប្រាក់សមរម្យ យកមក​ប្រមូលទិញស្រូវដែលបានចុះកិច្ចសន្យាជាមួយបងប្អូនប្រជាកសិករ​។​ សហគមន៍ផលិតស្រូវពូជមួយឈ្មោះថា ខេមស៊ីដ មានគម្រោង​ប្រមូលទិញស្រូវពីកសិករ ដើម្បី​យកមកផលិត​ស្រូវពូជ ឱ្យបាន៨០០តោន សម្រាប់ផ្គត់ផ្គង់ទៅកសិករវិញ ប៉ុន្តែ​ត្រូវការទុនពីរដ្ឋាភិបាល​ខ្ទង់១២ម៉ឺនដុល្លារ។ លោក ប៊ុន សុធន់ នាយកប្រតិបត្តិ​នៃសហគមន៍កសិកម្មទំនើប​ខេមស៊ីដ ​ក្នុងខេត្តកំពង់ឆ្នាំ ​បានឱ្យដឹង​ថា នៅឆ្នាំ​២០២៥ ​​សហគមន៍ផលិតស្រូបពូជបាន៣៥០តោន​ ​​។ ប៉ុន្តែ សម្រាប់ឆ្នាំ​២០២៦នេះ​ ការផលិតស្រូវពូជ​របស់សហគមន៍បានក្រោម​៣០០តោន​​ ដោយសារតែ​គ្រោះរាំងស្ងួតធ្វើឱ្យ​ការផលិតស្រូវពូជជួបប្រទះ​បញ្ហាធ្ងន់ធ្ងរមិនអាចដោះស្រាយបាន​។ ​​ដូចនេះ​ នៅខែធ្នូឆ្នាំ​២០២៦ រហូតដល់ខែកុម្ភៈឆ្នាំ​២០២៧ខាងមុខនេះ​ សហគមន៍កសិកម្មខេមស៊ីដ​មានផែនការ​ផលិតស្រូវពូជ​មិនប្រកាន់រដូវ​ ឱ្យបាន​៨០០តោន​ សម្រាប់ផ្គត់ផ្គង់​តាមតម្រូវការរបស់កសិករ​។ ​លោក ប៊ុន សុធន់ បាន​បន្តថា តម្រូវការឥណទាន​បន្ថែម សម្រាប់​ប្រមូលទិញពូជពីកសិករនេះ​ គឺមានភាពចាំបាច់ចំពោះសហគមន៍​​ ព្រោះ​ត្រូវការទូទាត់ប្រាក់ជូនកសិករភ្លាមៗនៅពេល​ប្រមូលទិញស្រូវ​ទៅតាមកិច្ចសន្យា​​ ហើយថា សហគមន៍មិនអាចទិញពូជស្រូវពីកសិករដោយជំពាក់ប្រាក់គាត់បានទេ​។ បច្ចុប្បន្នសហគមន៍​កសិកម្ម​ទំនើបខេមស៊ីដ ​​មានសមាជិកសរុប​២២០គ្រួសារ ដែលអាច​ផលិតស្រូវពូជ​​បានពី៣០០ ទៅ​៦០០តោន​ ហើយ​​​​​គ្រោងពង្រីកសក្តានុពលនេះឱ្យបាន១ […]

Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

កាលវិភាគផ្សព្វផ្សាយ