ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom។
កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម និងដំណោះស្រាយ ជាពិសេស ជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។
ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានស្នើឱ្យសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ត្រូវប្រឹងប្រែងសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារជំរុញពាណិជ្ជកម្មនេះ គឺជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។
ឯកឧត្ដមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាពសម្រាប់ស្ថាប័ន៕








