ខេត្តរតនគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរី ឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីនឡេីងនោះឡើយ។
ការលើកឡើងជាទស្សនទាន និងអនុសសាសន៍របស់ឯកឧត្តមបណ្ឌិត គឺនៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីសហគមន៍កសិកម្មមួយចំនួន និងមន្រ្តីកសិកម្មមកពីប្រាំមួយឃុំ ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដែលមានអ្នកចូលរួមចំនួន ១០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោនេះថា ការធ្វើកសិកម្មរបស់កសិករយើងពិតជាជួបការលំបាក និងនឿយខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើងអ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមកហើយ។ បើអត់កសិកម្មក៏មិនកើតដែរ ដូច្នេះបើជ្រុលនឹងនឿយហត់ហើយគួរប្រឹងឡើងវិញ ដោយរកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ដែលត្រូវការចំណាយក្នុងមួយឯកតា បើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែល។
ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាកសិករ ដែលបានលើកឡើងលើវិស័យកសិកម្ម និងការដាំដំណាំ រួមមាន ស្វាយចន្ទី កៅស៊ូ ចិញ្ចឹមសត្វ និងដាំបន្លែ ដែលគ្មានទីផ្សារនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ថា កសិករយើងបើមិនប្តូរទម្លាប់ធ្វើកសិកម្មដោយគិតពីការចំណេញខាតនោះទេ គឺច្បាស់ជាស្រែកថា «ធ្វើកសិកម្មខាតគ្រប់រដូវកាលហើយ » ខណៈពេលជីគីមី និងថ្នាំកសិកម្មនៅលើពិភពលោកឡើងថ្លៃ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ គឺត្រូវងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេស យើងមានបណ្ណាល័យពិភពលោកមួយ ដែលអាចសិក្សាពីរបៀបផលិតជីធម្មជាតិវិញម្តង គឺប្រព័ន្ធយូធូប ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់កសិករយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ត្រង់ចំណុចប្រឈមខាងលើនេះ សមាគមបណ្តាញកសិករតេជោ គឺនឹងធ្វើ ទី(១)ជាខែល ឬឆ័ត្រសម្រាប់កសិករជ្រកដោយចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ដោយការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរ ឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សំឡេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដោយមិនត្រូវទុកកសិករណាម្នាក់ចោលឡើយ៕