ដោយ នៅ ស៊ីវុត្ថា
សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំដែលមានទីតាំងស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានលទ្ធភាពអាចផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារបានចន្លោះ ពី៧០០ ដល់ ៨០០គីឡូក្រាម ក្នុងមួយថ្ងៃ។
អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ទិន្នផលបន្លែនៅក្នុងសហគមន៍ ត្រូវបានប្រមូលយកទៅផ្គត់ផ្គង់ និងលក់បោះដុំនៅតាមទីផ្សារនានា ក្នុងខេត្តសៀមរាប ក្នុងតម្លៃមួយសមរម្យ ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពរបស់កសិករ ដែលសមាជិករបស់សហគមន៍។
លោកស្រីបានបន្តថា ក្រោយពីផលិតបាន គឺសហគមន៍មិនមានការព្រួយបារម្ភនោះទេ ព្រោះមានទីផ្សារស្រាប់ មានអ្នកចាំទទួលទិញពីសហគមន៍។ ដូច្នេះ សហគមន៍មិនមានការលំបាកក្នុងការស្វែងរកទីផ្សារនោះទេ ដោយខិតខំប្រឹងប្រែងក្នុងការផលិត និងផ្គត់ផ្គត់ឱ្យបានគ្រប់គ្រាន់តែប៉ុណ្ណោះ ។
ទាក់ទិននឹងបញ្ហានេះមន្ទីរព័ត៌មានខេត្តសៀមរាបរាប បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប១០៨គ្រួសារ កំពុងដាំដុះដំណាំចំនួនប្រាំប្រភេទ រួមមាន ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ត្រប់ និងល្ពៅ នៅក្នុងផ្ទះសំណាញ់ចំនួន៥១ខ្នង សរុបផ្ទៃដីជិត៣ហិកតាប្រកបដោយបច្ចេកទេស និងស្ដង់ដារកម្រិតខ្ពស់។
ប្រភពដដដែលបន្តថា សមិទ្ធផលនេះមិនត្រឹមតែជួយបង្កើនចំណូលដល់គ្រួសារកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបន្លែ ដែលមានគុណភាពសម្រាប់អ្នកបរិភោគផងដែរ។
សហគមន៍កសិកម្មទំនើបស្រូវនាងអំ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៤ ដោយផ្តោតសំខាន់លើការដាំស្រូវនាងអំ និងការអភិវឌ្ឍកសិកម្មតាមបែបទំនើប។ ក្រៅពីការផលិតស្រូវនាងអំ សហគមន៍នេះក៏បានពង្រីកការបន្លែសុវត្ថិភាពផងដែរ៕












