ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រ៉ាយ បានបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុបមានចំណែកប្រមាណត្រឹម២៧ភាគរយ នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិនបានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង២៨ភាករយបន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ឧកញ៉ា សុង សារ៉ន បានលើកឡើងទៀតថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត៣៨ភាករយ ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ នេះបង្ហាញថា ការនាំចេញអង្ករកម្ពុជាមិនពឹងផ្អែកជាចម្បងលើទីផ្សារសហភាពអឺរ៉ុប និងចិន ដូចមុនឆ្នាំ២០២៤ ទៀតឡើយ។ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺសហភាពអឺរ៉ុប ចិន និងអាស៊ាន។
ឧកញ៉ាបានសម្តែងនូវសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ២០៣០ខាងមុខ ការនាំចេញអង្ករកម្ពុជានឹងកាន់តែមានភាពសកម្ម ចម្រុះ និងមានការតភ្ជាប់តំបន់កាន់តែខ្លាំង ជាពិសេសការពង្រីកទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។
ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៤៦៩ ៩០៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦០ ដែលគិតជាទឹកប្រាក់បានចំនួន២៦៦,៣៨លានដុល្លារ។
ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន១២៦ ១០៨តោន គិតជាទឹកប្រាក់ចំនួន៨៥,៤៤ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១២៩ ៣៣២តោន គិតជាទឹកប្រាក់ចំនួន៧៥,៨៨លានដុល្លារ។
នាំចេញទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១តោន គិតជាទឹកប្រាក់ចំនួន ៧២,១៤៥លានដុល្លារ និងទៅកាន់គោលដៅ២២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងណូវែលសេឡង់ បានចំនួន៣៦ ៧០៨តោន គិតជាទឹកប្រាក់ចំនួន៣២,៩១លានដុល្លារ៕








