ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ

Screenshot 2026-01-16 131948

ដោយ ជិន ម៉ាដេប៉ូ

កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។

​ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណ​ជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។

លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។

ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។

​ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ លោកអាចលក់បានក្នុងមួយគីឡូក្រាមថ្លៃ២ ០០០ ទៅ២៥០០រៀល។ ដោយឡែកត្រកួនលក់បាន២ ០០០រៀល និងសណ្តែកកួរវិញ ថ្លៃ៤ ០០០ ទៅ៥០០០រៀល ធ្វើឱ្យលោកសប្បាយចិត្តណាស់។ ទោះបីជាការលក់នេះមិនចំណេញច្រើនក្តី តែលោកសប្បាយចិត្តពីព្រោះថា បានដាំបន្លែធម្មជាតិសម្រាប់លក់ ហើយពិសេសបន្លែទាំងនេះលោកបេះយកទៅធ្វើម្ហូបក្នុងគ្រួសារដោយឥតព្រួយបារម្ភពីសារជាតិគីមី ទៀតផង។

តាមរយៈប្រាក់ចំណូលបានមកពីការលក់បន្លែ ក្បែរផ្ទះនេះដែរ លោកបានឱ្យដឹងផងថា លោកអាចយកមួយចំណែកទៅផ្គត់ផ្គង់គ្រួសារ ហើយអ្វីដែលោកសប្បាយចិត្តបំផុតនោះ គឺនៅពេលឃើញបន្លែរបស់លោកដុះលូតលាស់ល្អ ហើយមានអតិថិជនចូល​មករទិញរៀងរាល់ថ្ងៃ។

លោក ព្រហ្ម ថា ក៏បានប្រាប់ដែរថា ការដាំបន្លែនៅផ្បែរផ្ទះនេះ គឺលោកទើបសាកល្បងបានប៉ុន្មានខែប៉ុណ្ណោះ ឃើញថាពេលនេះហុចលទ្ធផលល្អប្រសើរ ធ្វើឱ្យលោកមានកម្លាំងចិត្តក្នុងការដាំដុះបន្តទៀត។ ក្នុងនេះយ៉ាងហោចណាស់ជួយឱ្យលោករកចំណូលបានប្រមាណមួយលានក្នុងការដាំមួយវគ្គៗថែមទៀត។

ចំណែកអ្នកស្រី សឿន ប៉ិច ជាអ្នករស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ដែលបានមកទិញស្ពៃ របស់លោក ព្រហ្ម ថាបានប្រាប់ឱ្យដឹងថា អ្នកស្រីសប្បាយចិត្ត ដែលមានអ្នកភូមិដាំបន្លែ ពីព្រោះថា ក្រៅពីមានតម្លៃថោកហើយ នៅជាស្ពៃល្អ គ្មានសារជាតិគីមី ដែលមិនប៉ះពាល់សុខភាព។

ស្រ្តីទិញបន្លែរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា ចង់ឃើញអ្នកភូមិដាំដំណាំ ជាបន្លែ ផ្លែឈើសម្រាប់ទុកបរិភោគ ពីព្រោះថា ក្រៅពីជួយឱ្យរកចំណូលដល់ពួកគាត់ហើយ ជាពិសេសយើងគ្រប់គ្នាមិនរងគ្រោះដោយសារតែបន្លែគីមីនាំចូលពីក្រៅប្រទេសផង។

ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់ថា នៅពេលនេះក្នុងចំណោមសហគមន៍ទំនើបចំនួន៣០ ដែលក្រសួងទើបបានបង្កើតឡើងមានប្រមាណ១០​សហគមន៍ហើយ ដែលជាសហគមន៍ដាំបន្លែ។ សម្រាប់នាពេលខាងមុខក្រសួងគ្រោងនឹងបង្កើតសហគមន៍ដាំបន្លែ និងជំរុញដល់ពលរដ្ឋធ្វើការដាំបន្លែដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារទាំងស្រុក ដោយមិនចាំបាច់ពឹងផ្អែកលើបន្លែនាំចូលពីក្រៅប្រទេសទៀតឡើយ។

បើតាម​ការលើកឡើងពីសំណាក់ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS)នាកន្លងមក បានឱ្យដឹងថា ប្រទេសកម្ពុជា​បាននាំចូល​បន្លែពី​ក្រៅប្រទេស​មាន​ចំនួនប្រមាណ២០០​តោន​ ទៅ​ជាង​៤០០​តោន ​ក្នុង​មួយថ្ងៃសម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ បន្លែ​ទាំងនោះ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​។​

ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា ការនាំចូលបន្លែ គេបានធ្វើការ​បែងចែក​ជា​៣​រដូវ​កាល ​ក្នុងនោះ​កម្ពុជា​នាំចូល​ជាង​២០០​តោន នៅរដូវ​ត្រជាក់ ​ចន្លោះ​ពី​ខែធ្នូ ដល់​ខែកុម្ភៈ។ ចំណែក​រដូវប្រាំង និង​រដូវវស្សា កម្ពុជា​នាំចូល​បន្លែ​រហូតដល់​៤០០​តោនក្នុង​មួយថ្ងៃ ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម​ ហើយប្រទេសកម្ពុជា ចំណាយ​ថវិកា​​​ជាង២០០​លាន​ដុល្លារ​សម្រាប់ទិញបន្លែក្នុង​មួយ​ឆ្នាំៗ ​ក្នុងការនាំចូល​បន្លែ​ពី​បរទេស ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ