ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ​៧​ចំណុច​ ដល់ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

597729799_1309527371219150_7381091321727450910_n

ដោយ ឡុង សារេត​

​ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ បាន​ផ្តល់នូវយោបល់​សំខាន់ៗចំនួន​៧ចំណុច​ដល់ជូន​គ្រប់ក្រ​សួង​​ស្ថាប័ន និងតួអង្គពាក់ព័ន្ធ​ក្នុងវិស័យហិរញ្ញវត្ថុ​ ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ និងអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ សំដៅ​ចាប់យក​កាលានុវត្តភាព​ពីការរីកចម្រើន​នៃវិស័យហិរញ្ញវត្ថុ​ជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយ​នូវបញ្ហា​ប្រឈម​ ដែលអាចនឹងកើតឡើង​ជាយថាហេតុ​។​

​នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០» នៅថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។

ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖

ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។

ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។

ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន និងកីឡា ក៏គួរគិតគូរបញ្ចូលប្រធានបទទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ក្នុងកម្មវិធិសិក្សាដើម្បីចូលរួមលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ, ទាំងក្នុងវិស័យធនាគារ និងមិនមែនធនាគារដល់សិស្ស និស្សិត។

ទី៣)-ការពង្រឹងសន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ៖ គ្រប់ក្រសួង ស្ថាប័នត្រួតពិនិត្យ និងអាជ្ញាធរអនុវត្តច្បាប់ ដែលមានការពាក់ព័ន្ធ ត្រូវចូលរួមធានាស្ថិរភាព និងសុវត្ថិភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ ព្រមទាំងត្រូវចូលរួមជួយជំរុញអនុលោមភាព និងប្រសិទ្ធភាព នៃការអនុវត្តកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ទី៤)- ការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធអេកូឡូស៊ី ក្នុងវិស័យហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គប្បីរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងហេដ្ឋារចនាសម្ព័ន្ធសមស្របដោយមានភាពប្រទាក់ក្រឡា និងសហថាមភាព ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តព្រមទាំងត្រូវសិក្សា និងបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដើម្បីផ្តល់ភាពសំបូរបែបបន្ថែមទៀត សម្រាប់ការវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុ។

ទី៥)-ការរៀបចំយន្តការគាំពារអតិថិជន៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏មានកាតព្វកិច្ចផងដែរ ក្នុងការរៀបចំក្របខណ្ឌបទប្បញ្ញត្តិចាំបាច់សម្រាប់ការស៊ើបអង្កេត និងការដោះស្រាយវិវាទសំដៅបង្កើនទំនុកចិត្តពីវិនិយោគិន និងសាធារណជន ។

ទី៦)- ការកសាងមូលធនមនុស្ស និងការបណ្តុះបណ្តាលឯកទេសកម្មលើវិស័យហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបន្តខិតខំពង្រឹង និងពង្រីកសមត្ថភាពមន្ត្រីលើការត្រួតពិនិត្យ ការតាមដាន និងការឃ្លាំមើលវិស័យហិរញ្ញវត្ថុ ព្រមទាំងត្រូវជំរុញការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ជាពិសេស តាមរយៈការចែករំលែកព័ត៌មាន ចំណេះដឹង និងចំណេះធ្វើ ទៅវិញទៅមកដើម្បីធានាថា ការអនុវត្ត និងការធ្វើនិយ័តកម្មក្នុងវិស័យហិរញ្ញវត្ថុត្រូវបានរៀបចំស្របតាមគោលការណ៍ និងនិន្នាការទីផ្សារក្នុងស្រុក និងអន្តរជាតិ   និងទី៧)- ការរៀបចំនូវក្របខណ្ឌតាមដាន និងវាយតម្លៃសមិទ្ធកម្ម៖ គណៈកម្មាធិការដឹកនាំការអភិវឌ្ឍវិស័យហិរញ្ញវត្ថុត្រូវដឹកនាំការរៀបចំយន្តការតាមដាន និងវាយតម្លៃលើផែនការសកម្មភាព ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្ត្រនេះ, ដោយមានសូចនាករច្បាស់លាស់សម្រាប់វាស់វែងវឌ្ឍនភាពប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

 ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ នេះ គឺជាឱកាសដ៏ពិសិដ្ឋសម្រាប់វិស័យហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ពាក់ព័ន្ធនឹងវឌ្ឍនភាព និងទិសដៅថ្មីៗជាយុទ្ធសាស្ត្រក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី  ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា​ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០នេះ ផ្ដោតលើអាទិភាពចម្បងៗរួមមាន៖

១)-ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុដើម្បីការពារទំនុកចិត្ត និងភាពធន់

២)-ការជំរុញបរិយាបន្នហិរញ្ញវត្ថុជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមជនបទ

៣)-ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេលវែង

៤)-ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃនវានុវត្តន៍បច្ចេកវិទ្យា

៥)-ការគាំទ្រនិងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ

៦)-ការពង្រឹងអភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ