ធនាគារ ARDBបើកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព»

photo_2025-12-22_16-53-28

ដោយ ឡុង សារេត

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ដោយផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាទីប្រឹក្សា អគ្គនាយករង ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ធនាគារ ARDB តែងតែរៀបចំកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបូកសរុប និងផ្សព្វផ្សាយអំពីសមិទ្ធផលដែលធនាគារ ARDB សម្រេចបានប្រចាំឆ្នាំ និងការលើកទិសដៅឆ្នាំបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ ២០២៤-២០៣៣ ផែនការអាជីវកម្មបីឆ្នាំរំកិល ដែលត្រូវបានដាក់ចេញក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយនានា ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតបន្តទៀតថា  កម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានផ្តល់ឱកាសឱ្យបុគ្គលិកទទួលបានការយល់ដឹងបន្ថែមអំពីវឌ្ឍនភាពការងារ ព្រមទាំងគោលដៅបន្តរបស់ធនាគារ អំពីបរិបទ និងនិន្នាការសាកល និងតំបន់សំខាន់ៗពាក់ព័ន្ធវិស័យធនាគារ និងសង្គមសេដ្ឋកិច្ច ការរឹតចំណងសាមគ្គីភាពផ្ទៃក្នុង និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ក៏ដូចជាការលើកទឹកចិត្តបុគ្គលិកឱ្យមានការចូលរួមយ៉ាងសកម្មជាមួយធនាគារ ក្នុងស្មារតីក្រុម និងស្មារតីចូលរួមជាមួយស្ថាប័ន។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជិត៣០ឆ្នាំ ធនាគារ ARDB ដែលជាធនាគារប្រជាជនដើម្បីប្រជាជនបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការបំពេញតួនាទី ទី១ ជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល៖ ការផ្តល់ហិរញ្ញប្បទានបោះដុំគាំទ្រសកម្មភាពមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករនៃមូលនិធីទ្រទ្រង់ និងអភិវឌ្ឍន៍កសិកម្ម ការផ្តល់ហិរញ្ញប្បទានអន្តរាគមន៍ពិសេសគាំទ្រ សហគ្រាសធុនតូច និងមធ្យម (SMES) ក្នុងវិស័យកសិកម្ម ការផ្តល់ហិរញ្ញប្បទានពិសេសគាំទ្រវិស័យស្រូវអង្ករ និងទី២ ក្នុងការបំពេញតួនាទីរួមចំណែកអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម៖ ឥណទានគាំទ្រដល់ SMEs ក្នុងវិស័យកសិកម្ម, ឥណទានគាំទ្រដល់សហគមន៍កសិកម្ម, ហិរញ្ញប្បទានបៃតង, ការគាំទ្រផ្នែកបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ទាប់ពីទទួលបានឥណទាន និងការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍។

សមិទ្ធផលត្រចះត្រចង់ដែលសម្រេចបាននេះ កើតចេញពីការខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងបុគ្គលិកទាំងអស់របស់ធនាគារ ការចូលរួមគាំទ្ររបស់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងការឧបត្ថម្ភគាំទ្រ និងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងកសិកម្ម ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលញ៉ាំងឱ្យធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ចូលរួមអនុវត្តកម្មវិធីទាំងអស់ ដែលបានដាក់ចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងជាទីមោទនៈបំផុត។

 ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍គូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព។ ប្រធានបទនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា «មូលធនមនុស្ស គឺជាទ្រព្យសកម្ម ដែលមានតម្លៃបំផុត» របស់ស្ថាប័ន ដែលការអភិវឌ្ឍមូលធនមនុស្សត្រូវបានកំណត់ជាអាទិភាព ទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាមួយនេះ ភាពរីកចម្រើនប្រកបដោយចីរភាព មិនមែនកើតឡើងដោយចៃដន្យទេ។ វាកើតចេញពីបុគ្គលិកដែលមានសមត្ថភាពខ្ពស់ មានភាពជាអ្នកដឹកនាំ  មានផ្នត់គំនិតវិជ្ជាជីវៈ និងមានស្មារតីច្នៃប្រឌិត។ ការវិនិយោគលើចំណេះដឹង និងសុខុមាលភាពរបស់បុគ្គលិក គឺជាការវិនិយោគលើអនាគតរបស់ធនាគារ ARDB។ បន្ថែមពីនេះទៅទៀត នៅក្នុងយុគសម័យឌីជីថល និងការវិវត្តយ៉ាងរហ័សនៃប្រព័ន្ធធនាគារ ការយល់ដឹងនូវទ្រឹស្តី ឬគោលការណ៍ នឹងមិនគ្រប់គ្រាន់ទេ។ យើងត្រូវមានការអភិវឌ្ឍជំនាញបច្ចេកទេស  ឱ្យមានភាពស៊ីជម្រៅ និងជំនាញទន់ឱ្យមានភាពរស់រវើក ស្របតាមបរិបទក្នុងវិស័យ និងជាសកល។

ការអភិវឌ្ឍសមត្ថភាពដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់សម័យកាល នឹងជួយឱ្យយើងបង្កើនប្រសិទ្ធភាពការងារបានល្អប្រសើរ សំដៅសម្រេចបាននូវគោលដៅរួមរបស់ស្ថាប័ន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ