ចិនចាប់ផ្តើមសាកល្បងចំណេះដឹងផ្នែកកសិកម្មនៅលើវាលខ្សាច់ ក្នុងប្រទេសអារ៉ាប់រួម
ខេត្តសានទុង៖ កសិដ្ឋានដាំបន្លែដ៏ល្បីល្បាញនៅក្នុងខេត្តសានទុងរប់សប្រទេសចិន កំពុងតែសាងសង់កសិដ្ឋានដាំដំណាំមួយកន្លែងមានផ្ទៃដីទំហំ១០ហិកតា ស្ថិតនៅលើវាលខ្សាច់ដ៏ស្ងួតហួតហែង ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់ធ្វើកសិកម្មឆ្លាតវៃ ដើម្បីបង្ហាញពីការជឿនលឿនផ្នែកបច្ចេកវិទ្យាកសិកម្ម។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនកសិកម្មឈានមុខគេរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចិន នៅក្នុងខេត្តសានទុង ដើម្បីសហការវិនិយោគរួមគ្នាក្នុងទឹកប្រាក់ចំនួន៣២,៦៧លានដុល្លារ សម្រាប់ផ្លាស់ប្តូរបច្ចេកទេសធ្វើកសិកម្មលើវាលខ្សាច់។ កិច្ចសហការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយជាសកលរបស់ប្រទេសចិន ដើម្បីបង្ហាញឧទាហរណ៍មួយទៀតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការចែករំលែកចំណេះដឹងផ្នែកវិស័យកសិកម្មទៅកាន់ប្រទេសក្នុងតំបន់អារ៉ាប់ និងចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាយុទ្ធសាស្ត្រជំរុញហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់ក្នុងតំបន់។ កសិដ្ឋានថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់ចិន មានដូចជា បញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រាកដប្រជានៃការបណ្ដុះគ្រាប់ពូជ ការគ្រប់គ្រងអាកាសធាតុ ប្រព័ន្ធធារាសាស្រ្ត និងការប្រមូលផល។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ បានសរសេររៀបរាប់ទៀតថា គម្រោងនេះនឹងគាំទ្រដល់ការដាំដុះពូជដំណាំជាង១០ប្រភេទ រួមមានប៉េងប៉ោះ ត្រសក់ ឪឡឹក និងស្ត្របឺរី ជាដើម។ ស្ថាបនិកក្រុមចិន បាននិយាយថា ទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីតាំងសម្រាប់ប្រើបច្ចេកវិទ្យាកសិកម្ម ដោយបង្កើតបានជាវេទិកាប្រកបដោយចក្ខុវិស័យ និងជាកន្លែងសាកល្បងពិតៗសម្រាប់ប្រើប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ […]