ប្រទេសវៀតណាមរំពឹងថា នឹងនាំអង្ករចេញលើសពី៣០០០លានដុល្លារ ក្នុងឆ្នាំ២០២៥
ហាណូយ៖ ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករជិត៥,៩លានតោន ដែលមានតម្លៃជាង៣០០០លានដុល្លារ គិតចាប់ពីដើមឆ្នាំនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែកញ្ញាថា ទំហំនាំចេញអង្ករបានកើនឡើង២,៨៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះគិតជាមធ្យម១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែង ដោយសមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ប្រទេសវៀតណាមអាចនាំចេញអង្ករបានជាង៨លានតោន នៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងនៃការបញ្ជាទិញពីទីផ្សារបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជាប្រទេសហ្វីលីពីន បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។ ពាណិជ្ជករនៅទីក្រុង ហូជីមិញបានកត់សម្គាល់ថា ការផ្គត់ផ្គង់កំពុងរឹតបន្តឹង ខណៈតម្រូវការនៅតែមានស្ថិរភាពដដែល។ ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក កាលពីឆ្នាំមុន ហ្វីលីពីន បានទិញអង្ករចំនួនជិតប្រាំលានតោនពីបរទេស ដែលក្នុងនោះវៀតណាម បានរួមចំណែកផ្គត់ផ្គង់ចំនួនជាង៣ ៦០០ ០០០តោន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ប្រទេសវៀតណាម បានលក់អង្ករចំនួនជាង៥,៥លានតោនទៅក្រៅប្រទេសក្នុងតម្លៃ២ ៨០០លានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានធ្លាក់ចុះចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន […]