ណៃពិដោ៖ ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិនកំពុងតែដំណើរការក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ ដោយគ្រោងចាប់ផ្តើមនាំចេញផ្លែទុរេននៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងអភិវឌ្ឍឧស្សាហកម្មផ្លែឈើនៅក្នុងស្រុកប្រទេស។
លោកបានមានប្រសាសន៍ថា សមាគមរបស់លោកមានគោលបំណងទាក់ទាញការវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេន និងបង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស។
លោកប្រធានសមាគមបានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់ភូមាត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញកំណើនឱ្យបានលឿនតាមការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលថ្មីពីបរទេស ជាពិសេសទីផ្សារប្រទេសចិន ដែលជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតនៅលើពិភពលោក។
កាលពីឆ្នាំ២០២៤ ចិនបាននាំចូលផ្លែទុរេនក្នុងបរិមាណចំនួន១៥,៦លានតោន ដែលមានតម្លៃទឹកប្រាក់ចំនួន៦,៩៩ពាន់លានដុល្លារ ភាគច្រើនមកពីប្រទេសវៀតណាមប្រមាណ៤១,៥ភាគរយ និងទិញនាំចូលពីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។
ប៉ុន្តែ បើយោងតាមទិន្នន័យគយរបស់ប្រទេសចិន បានឱ្យដឹងថា តម្រូវការផ្លែទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅវិញ នៅឆ្នាំ២០២៥នេះ គឺធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយមកនៅត្រឹមបិរមាណ៧០៨,១៩០តោន។
ចំណែកទីផ្សារផ្លែទុរេននៅក្នុងប្រទេសចិន ក៏មានការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេស កាលពីខែកក្កដា ឆ្នាំ២០២៥។ រីឯប្រទេសឡាវ ក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រណាំងប្រជែងក្នុងទីផ្សារផ្លែទុរេននេះដែរ ខណៈប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីផែនការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន។
ប្រទេសភូមាមានផ្ទៃដីដាំដុះដំំណាំទុរេនប្រហែល២៤,២៨១ហិកតា ដោយមានផ្ទៃដីដាំដុះជាង៤,០០០ ហិកតានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជាតំបន់ដាំដុះទុរេនធំជាងគេបំផុតរបស់ប្រទេសភូមា។
យោងតាមសារព័ត៌ភូមារបស់ភូមា បានចេញផ្សាយថា រដូវប្រមូលផលផ្លែទុរេនរបស់ប្រទេសភូមា ជាធម្មតា ត្រូវចាប់ផ្តើមនៅខែឧសភា មិថុនា និងខែកក្កដា។
ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បានមានប្រសាសន៍ថា «ការអភិវឌ្ឍឧស្សាហកម្មទុរេនរបស់ប្រទេសភូមានឹងលើកជួយកម្ពស់កសិករក្នុងស្រុក និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ»៕






